អាជ្ញាធរ​ជាតិ​អប្សរា​ មាន​គម្រោង​បង្កើត​ផ្លូវ​ថ្មី និង​រៀបចំ​ចំណតរថយន្ត​មួយចំនួនទៀតដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​រមណីយដ្ឋាន​អង្គរ​
សេដ្ឋកិច្ច January 20, 2021 Chan Sreyny

ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរានៅ​ថ្ងៃ ​៦​កើត ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី ​១៩ ខែមករា ឆ្នាំ​ ២០២១ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​មួយចំនួននៅក្នុង​តំបន់​រមណីយដ្ឋា​ន​អង្គរដើម្បី​ផ្តល់យោបល់​បច្ចេកទេស និង​ដំណោះស្រាយ​នានា​សម្រាប់​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​។​ ​នៅក្នុង​ដំណើរការ​ត្រួតពិនិត្យ​ការងារ​នេះ គណៈប្រតិភូ​បាន​ចុះ​ពិនិត្យ​ទីតាំង​ខាងកើត​ខ្លោងទ្វារ​ជ័យ ដើម្បី​រក​ទីតាំង​ចំណត​ថ្មីចៀសវាង​កុំឱ្យ​រថយន្ត​ដឹក​ភ្ញៀវទេសចរចត​នៅមុខ​ប្រាសាទចៅសាយទេវតា និង​ខាងកើត​ខ្លោងទ្វារ​ជ័យ​។ ក្នុងនោះ​ក៏បាន​ពិភាក្សា​លើ​ការបង្កើត​ផ្លូវ​ថ្មី ដើម្បីឱ្យ​ភ្ញៀវទេសចរ​អាច​ដើរ​កម្សាន្ត​មកកាន់​រហាត់ទឹក​នៅក្នុង​សួន​បណ្តុះ​កូនឈើស្ពានថ្ម​ប្រាសាទតាកែវ ប្រាសាទចៅសាយទេវតា និង​ប្រាសាទធម្មនន្ទបាន​ងាយស្រួល​។

បន្ថែម​ពី​នោះ ក៏​ពិនិត្យ​លទ្ធភាព​បង្កើត​ផ្លូវ​ដើរ ឬ​ផ្លូវ​កង់​ចេញពី​ខ្លោងទ្វារ​ជ័យ​ទៅ​ខ្លោងទ្វារ​ខ្មោច និង​ទីតាំង​ចំណត​នៅក្នុង​ក្រុង​អង្គរធំ ដើម្បី​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចំណតរថយន្ត​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ផងដែរ​។​ ឯកឧត្តម ហង់ ពៅ ក៏បាន​ស្នើសុំ​យោបល់​ទៅកាន់​អ្នកជំនាញ​បុរាណវិទ្យា ដើម្បី​រៀបចំ​ស្តារ​ស្រះ​ទឹក​នៅ​ខាងត្បូង​នៃ​ផ្លូវ​ចូល​ខាងកើត​ប្រាសាទ​បា​យ័ន្ត​ឡើងវិញឱ្យមាន​រូបរាង​ពេញលេញ​។

​ចំណែក​នៅ​ជ្រុង​ខាងត្បូង​ឆៀង​ខាងលិច​ប្រាសាទ​បា​យ័ន្ត ត្រូវ​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក​ចេញដើម្បី​សោភ័ណភាព និង​បញ្ចៀស​ផលប៉ះពាល់​ផ្សេងៗ​ដល់​ប្រាសាទ​។ ជាមួយគ្នានេះ ឯកឧត្តម​អគ្គនាយក និង​អ្នកជំនាញ​គ្រប់​នាយកដ្ឋានក៏បាន​ចុះទៅពិនិត្យ​សំណង់​អគារ​សាលា​បារាំង​ចុង​បូព៌ា ដែលមាន​អាយុ​ជាង​ ១០០ ​ឆ្នាំ​មកហើយនៅ​ខាងលិច​ប្រាសាទ​បា​យ័ន្ត ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​សំណង់ និង​ឱ្យ​រៀបចំ​ជួសជុល​អគារ​នេះ​ឡើងវិញ សម្រាប់​ទុកជា​កន្លែង​រក្សា​ទុកដាក់​បុរាណវត្ថុ​ផ្សេងៗព្រោះ​កន្លែង​នេះ​ក៏​ជាទី​តាំង​រក្សាទុក និង​ជួសជុល​បុរាណវត្ថុ​ពី​សម័យ​បារាំង​មក​ដែរ​៕

ប្រភព៖ ក្រសួងព័ត៌មាន