ធនាគារអភិវឌ្ឍន៍អាស៊ី៖ ឧស្សាហកម្ម ៤.០ អាចនាំដល់ការផ្លាស់ប្តូរនៃជំនាញ និងការងារនៅក្នុងប្រទេសកម្ពុជា
សេដ្ឋកិច្ច January 20, 2021 Chan Sreyny

បើតាមការសិក្សាថ្មីមួយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជាគួរតែពិចារណាលើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មសម្រាប់វិស័យសំខាន់ៗ ដើម្បីជួយដល់ការផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី៤ (4IR) ជាមួយនឹងការវិនិយោគគ្រប់គ្រាន់ក្នុងការពង្រឹងជំនាញសម្រាប់ការងារថ្មី និងការងារដែលត្រូវផ្លាស់ប្តូរ។ ការរកឃើញខាងនេះ ជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ចំនួន៦ ដែលបានមកពីការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី អំពីការទាញអត្ថប្រយោជន៍ពីឧស្សាហកម្ម ៤.០ តាមរយៈការអភិវឌ្ឍជំនាញនៅកម្ពុជា។ វាជាផ្នែកមួយនៃការសិក្សា ដែលផ្តោតលើប្រទេសចំនួនបួននៃប្រជាជាតិអាស៊ានដែលរួមមាន៖ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ការសិក្សានេះ ពិនិត្យទៅលើ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍នៅកម្ពុជាព្រោះវិស័យទាំងពីរមានសារៈសំខាន់សម្រាប់កំណើនការងារ ភាពប្រកួតប្រជែងអន្តរជាតិ និង 4IR ។

ការសិក្សារកឃើញថា បច្ចេកវិទ្យា 4IR នឹងលុបបំបាត់ការងារនៅក្នុងឧស្សាហកម្មកាត់ដេរ និងទេសចរណ៍ ប៉ុន្តែការបាត់បង់នេះនឹងត្រូវជំនួសដោយការកើនឡើងនូវតម្រូវការដែលនាំមកដោយផលិតភាពខ្ពស់ជាងមុន ដែលវាអាចបង្កើតកំណើនការងារ ៣៩% សម្រាប់ឧស្សាហកម្មកាត់ដេរ និង ២% សម្រាប់វិស័យទេសចរណ៍។

ខណៈពេលដែលរដ្ឋាភិបាល និងឧស្សាហកម្មចង់លើកកម្ពស់ជំនាញ 4IR ការស្ទង់មតិលើនិយោជកនៅក្នុងឧស្សាហកម្មទាំងពីរបង្ហាញពីការយល់ដឹងមានកម្រិតលើបច្ចេកវិទ្យា 4IR ។ ឧទាហរណ៍មានតែ ២៨% នៃនិយោជករោងចក្រកាត់ដេរ និង ៣៥% នៃនិយោជកក្នុងវិស័យទេសចរណ៍ដែលត្រូវបានស្ទង់មតិបានឯកភាព ឬឯកភាពទាំងស្រុងនៅពេលសួរថាតើពួកគេមានការយល់ដឹងល្អអំពីបច្ចេកវិទ្យា 4IR និងអំពីការពាក់ព័ន្ធនៃបច្ចេកវិទ្យានេះដល់ក្រុមហ៊ុនរបស់ពួកគេដែរឬទេ។ និយោជកនៅក្នុងប្រទេសកម្ពុជាបង្ហាញការយល់ដឹងទាបជាងអំពី 4IR បើប្រៀបធៀបនឹងនិយោជកដែលបានធ្វើការស្ទង់មតិនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។

ទោះបីជាលទ្ធផលនៃការបង្កើតការងារជាទូទៅវិជ្ជមាន ក្នុងវិស័យទាំងពីរក៏ដោយការសិក្សានេះព្រមានថាមិនមានការធានាថាកម្មករដែលការងារខ្លួនត្រូវបានផ្លាស់ប្តូរ អាចទៅរកការងារដែលបានបង្កើតថ្មី ដោយងាយនោះទេបើគ្មានការវិនិយោគគ្រប់គ្រាន់ និងទាន់ពេលវេលាក្នុងការអភិវឌ្ឍជំនាញ។ ការផ្លាស់ប្តូរការងារក៏ទំនង ជាជះឥទ្ធិពលដល់ស្ត្រីដែលមានប្រហែល ៨១% ក្នុងឧស្សាហកម្មផលិតសម្លៀកបំពាក់នៅកម្ពុជា។

លោកស្រី Shanti Jagannathan អ្នកជំនាញជាន់ខ្ពស់ផ្នែកអប់រំរបស់ ADB មានប្រសាសន៍ ថា « នៅពេលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស ការវិនិយោគយ៉ាងច្រើនលើជំនាញឌីជីថលនឹងជួយបង្កើនឱកាសរបស់យុវជន និងមនុស្សចំណាស់ក្នុងការទទួលបានការងារដែលមានគុណភាពខ្ពស់ និងបន្ថយហានិភ័យនៃការបាត់បង់ការងារ។ ឥឡូវនេះ គឺជាពេលវេលាដើម្បីគិតឡើងវិញនូវការផ្តល់ជំនាញដោយប្រើវេទិកានិម្មិត និងបច្ចេកវិទ្យាទូរស័ព្ទចល័តព្រមទាំងអភិវឌ្ឍស្ថាប័នបណ្តុះបណ្តាលឱ្យភាពរហ័សរហួនក្នុងការផ្តល់នូវវគ្គសិក្សា និងសញ្ញាបត្រដែលត្រូវនឹងតម្រូវការទីផ្សារ »។

ខណៈពេលដែលជំងឺរាតត្បាតកូវីដ-១៩ កំពុងពន្លឿនការផ្លាស់ប្តូរឌីជីថលការសិក្សាបានរកឃើញថា ក្រុមហ៊ុនដែលចាប់ផ្តើមអនុវត្តបច្ចេកវិទ្យា 4IR ទំនងជានឹងងើបឡើងវិញលឿនជាងមុនពីការវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាតនេះ និងមានភាពធន់ទៅថ្ងៃអនាគត៕

ប្រភព៖​ ក្រសួងព័ត៌មាន