គណៈរដ្ឋមន្រ្តីថៃ អនុម័តថវិកាជិត ៧ ពាន់លានដុល្លារ ធ្វើរឿងពីរនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតនៅក្នុងប្រទេស
សេដ្ឋកិច្ច January 19, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok post នារសៀលនេះបានឲ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់បាននិយាយថា គណៈរដ្ឋមន្រ្តីថៃ នៅថ្ងៃអង្គារនេះបានអនុម័តថវិកាចំនួនប្រហែល ២១០ ពាន់លានបាត (ប្រមាណជិត ៧ ពាន់លានដុល្លារអាមេរិក)។ ការអនុម័ត​ថវិកាដ៏ច្រើននេះ គឺដើម្បីជំរុញការប្រើប្រាស់ និងជួយកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងនូវជំងឺរាតត្បាត Covid-19 នៅក្នុងប្រទេស។ ប្រភពដដែលបានបន្តឲ្យដឹងថា រដ្ឋាភិបាលនឹងផ្តល់ជូនប្រជាជនចំនួន ៣១.១ លាននាក់ដោយថវិកាចំនួន ៣៥០០បាត (ប្រមាណជាង​ ១១៦ ដុល្លារ) ក្នុងមួយខែសម្រាប់រយៈពេលពីរខែ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃនេះ ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១៧១ករណី ដែលធ្វើឲ្យករណីសរុបនៅប្រទេសបានកើនដល់ ១២,៥៩៤ នាក់ ចាប់តាំងពីជំងឺ COVID-19 មានវត្តមាននៅប្រទេសនេះ។ ជាមួយគ្នានេះ ការផ្ទុះឡើងជាថ្មីនៃវីរុសនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងលើប្រទេសថៃ ទាំងសេដ្ឋកិច្ច ការងារ ជីវភាពប្រជាជន រួមទាំងវិស័យទេសចរណ៍ក៏ដូចជា​ វិស័យសំខាន់ៗផ្សេងទៀតផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost