យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ដែលជាឆ្នាំនៃវិបត្តិ covid-19 អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់ប្រទេសកម្ពុជា បានដឹកអ្នកដំណើរចំនួន ២.១៣ លាននាក់។ តួលេខនេះបានបង្ហាញនូវការថយចុះ ៧៩% បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ជាមួយគ្នានេះដែរ តួលេខពីលេខាធិការដ្ឋាននៃអាកាសចរណ៍ស៊ីវិល (SSCA) បានបង្ហាញថា ក្នុងឆ្នាំ២០២០ នេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានអ្នកដំណើរតាមអាកាសចំនួន ១.៣០ លាននាក់ធ្លាក់ចុះ ៧៦% ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានដឹកអ្នកដំណើរចំនួន ៦១៨,៦៦៣ នាក់ធ្លាក់ចុះ ៨៣% និងអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ បានស្វាគមន៍អ្នកដំណើរចំនួន ២១៤.៩៦៩ នាក់ធ្លាក់ចុះ ៨៦%។
លើសពីនេះប្រភពដដែល បានបន្តឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិទាំងបី បានដឹកទំនិញចំនួន ៤៩,៩៨៣ តោនធ្លាក់ចុះ ៣១ ភាគរយ ដោយចរាចរណ៍ទំនិញភាគច្រើនកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សូមជម្រាបផងដែរថា ក្រសួងទេសចរណ៍បានចង្អុលបង្ហាញថា គិតត្រឹមខែវិច្ឆិកាឆ្នាំ ២០២០ មានទេសចរបរទេសចំនួន ១.២ លាននាក់បានមកទស្សនាប្រទេសកម្ពុជា ដែលមានការថយចុះចំនួន ៧៨% បើប្រៀបធៀបទៅនឹងឆ្នាំមុន៕





ប្រភព៖ ក្រសួងព័ត៌មាន


