កំណើនសេដ្ឋកិច្ចរបស់ចិន កើនឡើងយ៉ាងលឿនក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២០ ជាមួយនឹងសភាពដ៏រឹងមាំបន្ទាប់ពីរងផលប៉ះពាល់ដោយជំងឺ Covid-19
សេដ្ឋកិច្ច January 19, 2021 Chan Sreyny

សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងយ៉ាងលឿននៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២០ ជាមួយនឹងកំណើនលើសការរំពឹងទុក។ យោងតាមទិន្នន័យផ្លូវការណ៍របស់ចិនបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ២.៣% ក្នុងឆ្នាំ ២០២០ ដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសសេដ្ឋកិច្ចតែមួយគត់នៅលើពិភពលោក ដែលចៀសផុតពីការធ្លាក់ចុះកាលពីឆ្នាំមុនដោយសារប្រទេសជាច្រើនបានព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។ សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនៅឆ្នាំនេះដោយ (GDP) នឹងកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលមួយទសវត្សរ៍ក្នុងអត្រា ៨.៤% នេះបើយោងតាមការស្ទង់មតិរបស់រ៉យទ័រ។ ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោកមួយនេះ បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹងល្បឿននៃការជាសះស្បើយពីការឆ្លងរាតត្បាតនៃជំងឺ Covid-19 ។

ទន្ទឹមនឹងនេះ ដោយមានវិធានការណ៍ទប់ស្កាត់ជំងឺ Covid-19 យ៉ាងតឹងរឹង និងការជំរុញគោលនយោបាយបានធ្វើឱ្យសេដ្ឋកិច្ចរបស់ចិនបានងើបឡើងវិញជាបណ្តើរៗ ពីការធ្លាក់ចុះយ៉ាងខ្លាំង ៦.៨% ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២០ នៅពេលដែលមានការផ្ទុះឡើងនៃជំងឺ Covid-19 នៅកណ្តាលទីក្រុង Wuhan ។

គួរឱ្យដឹងផងដែរថា សេដ្ឋកិច្ចរបស់ចិនត្រូវបានជម្រុញដោយវិស័យនាំចេញ ដោយការនាំចេញរបស់ចិនបានកើនឡើងលើសពីការរំពឹងទុកក្នុងខែធ្នូ ដោយសារការរាតត្បាតនៃជំងឺ Covid-19 នៅជុំវិញពិភពលោកបានធ្វើឱ្យតម្រូវការទំនិញចិនកើនឡើង ខណៈពេលដែលប្រាក់យ័នឡើងថ្លៃធ្វើឱ្យការនាំចេញមានតម្លៃថ្លៃសម្រាប់អ្នកទិញនៅបរទេស៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia