ប្រទេសម៉ាឡេស៊ីបានបង្ហាញកញ្ចប់ជំនួយថ្មីចំនួន ១៥ ពាន់លានរីងហ្គីត (ប្រមាណជា ៣.៧ ពាន់លានដុល្លារ) ដើម្បីជួយដល់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីការកើនឡើងនូវករណីនៃវីរុស Covid-19។ លោកនាយករដ្ឋមន្រ្តី Muhyiddin Yassin បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទថា ផែនការនេះ គឺជាសកម្មភាពលើកទី១ ដែលរដ្ឋាភិបាលបានប្រកាសនៅឆ្នាំនេះ ដែលនឹងជួយពង្រឹងវិធានការណ៍ដែលមានជាប្រចាំ ដើម្បីជួយប្រជាជនសម្រាលផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារជំងឺរាតត្បាត។
វិធានការណ៍នេះដែរ ត្រូវបានគេឲ្យដឹងថា បានធ្វើឡើងបន្ទាប់ពីប្រទេសម៉ាឡេស៊ីបានប្រកាសភាពអាសន្ន ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលអនុម័តច្បាប់ជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត និងគាំទ្រសេដ្ឋកិច្ច។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានលើស្ថេរភាពទីផ្សារ និងបរិយាកាសវិនិយោគ។ គួរឲ្យដឹងថា ប្រទេសម៉ាឡេស៊ីកំពុងតែមានការរីករាលដាលនៃការឆ្លងជំងឺ Covid-19 ខ្លាំង ហើយប្រទេសនេះបានកត់ត្រានូវចំនួនអ្នកឆ្លង ៤,០២៩ ករណីកាលពីថ្ងៃសៅរ៍ ដោយមិនរំពឹងថា តួលេខឆ្លងនឹងធ្លាក់ចុះនោះទេរហូតដល់ខែឧសភា។

ជាមួយគ្នានេះដែរ ភាពអាសន្នដែលទើបប្រកាសកាលពីពេលថ្មីៗនេះ ត្រូវបានគេឲ្យដឹងថា អាចមានរយៈពេលរហូតដល់ថ្ងៃទី១ ខែសីហា គឺស្របពេលនឹងការចាក់សោររយៈពេលពីរសប្តាហ៍ប្រឆាំងនឹងវីរុសដែលនាំឱ្យអ្នកវិភាគកាត់បន្ថយរហូតដល់ ១.៥ ភាគរយនៃការព្យាករផលិតផលក្នុងស្រុកសរុបរបស់ខ្លួនសម្រាប់ឆ្នាំនេះ។ ខណៈពេលដែលរដ្ឋាភិបាលបាននិយាយថា សេដ្ឋកិច្ចនឹងកើនឡើង ៧.៥% នៅឆ្នាំនេះ៕

![]()

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


