រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ២ ២៧,៧៣៦ដុល្លារអាមេរិក សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវរថយន្តពន្លត់អគ្គីភ័យដែលបំពាក់ដោយកាំជណ្តើរកម្ពស់៤០ ម៉ែត្រ ចំនួនមួយគ្រឿង។ រថយន្តពន្លត់អគ្គីភ័យប្រភេទបែបនេះ នឹងក្លាយជារថយន្តពន្លត់អគ្គីភ័យលើកដំបូងគេនិងមិនធ្លាប់មានដែលបានដាក់ឲ្យប្រើប្រាស់ នៅរាជធានីភ្នំពេញ។ ឯកឧត្តម មិកាមិ ម៉ាសាស៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខ មនុស្សជាតិ គូសាណូនេ (KUSANONE )ជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨មករា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩១មក បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តកម្មវិធីគូសាណូនេ ( KUSANONE )នៅកម្ពុជា ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។
ឯកឧត្តមបានបន្តថា KUSANONE មានន័យថា “មូលដ្ឋាន” ក្នុងភាសាជប៉ុន ហើយនៅក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងជាង៦០០ តាមរយៈជំនួយឥតសំណង KUSANONE ។ គម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ ក្នុងការលើកកម្ពស់គុណភាពជីវភាព របស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន ហើយគម្រោងដែលបានចុះហត្ថលេខានេះមាន៖ ក្រោមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ២ ២៧,៧៣៦ដុល្លារអាមេរិក សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវរថយន្តពន្លត់អគ្គីភ័យដែលបំពាក់ដោយកាំជណ្តើរកម្ពស់៤០ ម៉ែត្រ ចំនួនមួយគ្រឿង ដែលនឹងក្លាយជារថយន្តពន្លត់អគ្គីភ័យប្រភេទបែបនេះលើកដំបូងគេ ដែលមិនធ្លាប់ដាក់ឲ្យប្រើប្រាស់ នៅរាជធានីភ្នំពេញ។

ឯកឧត្តមបញ្ជាក់ថា ជប៉ុនក៏នឹងផ្គត់ផ្គង់រថយន្តពន្លត់អគ្គីភ័យដែលបំពាក់ដោយសារធាតុគីមី ចំនួនមួយគ្រឿង និងឡានទឹកពន្លត់អគ្គីភ័យ ចំនួនពីរគ្រឿង សម្រាប់ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ។ លើស ពីនេះទៀត មូលនិធិជំនួយឥតសំណងនេះ នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់កម្មវិធីបណ្តុះបណ្តាលស្តីពីប្រតិបត្តិការ និងការថែរក្សាឧបករណ៍ពន្លត់អគ្គីភ័យនេះ។ កម្មវិធីបណ្តុះបណ្តាលនេះ នឹងជួយអ្នកពន្លត់អគ្គីភ័យជនជាតិខ្មែរ ឆ្លើយតបចំពោះអគ្គិភ័យនៅក្នុង អគារខ្ពស់ៗ និងក្នុងឧបទ្ទវហេតុនានាដែលពាក់ព័ន្ធនឹងវត្ថុធាតុដែលមានគ្រោះថ្នាក់ខ្ពស់ ដោយមានន័យថាពួកគេ នឹងអាចឆ្លើយតបឲ្យបានលឿន និងមានប្រសិទ្ធភាព។

ជំនួយនេះ នឹងជួយលើកកម្ពស់សុវត្ថិភាព និងជួយការពារទ្រព្យសម្បត្តិរបស់ប្រជាជនប្រមាណ ៤០០,០០០នាក់ នៅរាជធានីភ្នំពេញ ក៏ដូចជាភ្ញៀវទេសចរ និងអ្នកដំណើរជំនួញមកពីជុំវិញពិភពលោកផងដែរ។ ស្របពេលដែលកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះត្រូវបានចុះហត្ថលេខា អនុស្សរណៈយោគយល់គ្នា រវាងកងកម្លាំងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ និងក្រុមហ៊ុន Safety Sakura Service Co., Ltd.ក៏ត្រូវបានចុះហត្ថលេខាក្នុងគោលបំណងពង្រឹងទំនាក់ទំនង និង សមត្ថភាពបន្ថែមទៀត។

លោកបន្តទៀតថា តាមអនុស្សរណៈនេះ រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងពន្លត់អគ្គីភ័យនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Safety Sakura Service Co., Ltd. នឹងសហការគ្នាដើម្បីសំរេចបាននូវការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ របស់កងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង ក្នុងឱកាសនោះបានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ដែលជានិច្ចជាកាលតែងតែជួយជាជំនួយមកកម្ពុជាដោយឥតសំណង ពិសេសនៅរាជធានីភ្នំពេញ ជប៉ុនបានផ្តល់ជំនួយជាច្រើនមិនថា ថវិកានិងបច្ចេកទេសនោះទេ ជាក់ស្តែងជប៉ុនបានជួយលើប្រព័ន្ធការពារទឹកជំនន់ ដែលមកដល់ពេលនេះបានឈានដល់ គម្រោងការពារទឹកជំនន់ជំហានទី៤ហើយ។ ឯកឧត្តម ឃួង ស្រេងបន្តថា ប្រទេសជប៉ុនបានចងសម្ព័ន្ធមេត្រីភាពជាមួយប្រទេសកម្ពុជា យើងចំនួន៦២ឆ្នាំហើយ ហើយទំនាក់ទំនងនេះ កម្ពុជាបានទទួលផ្លែផ្កាជាច្រើនពីប្រទេសជប៉ុន ៕

ប្រភព៖ ក្រសួងព័ត៌មាន


