យោងតាមគេហទំព័រហ្វេសប៊ុករបស់ផ្សារ Thanommit នៅទីក្រុងបាងកកបានប្រកាសថា ផ្សារនេះនឹងត្រូវបិទចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមករា ដើម្បីធ្វើការសំអាតយ៉ាងហ្មត់ចត់លើគ្រប់វិស័យ និងបើកដំណើរការឡើងវិញនៅថ្ងៃទី ២២ ខែមករា។ សេចក្ដីប្រកាសនៅក្នុងគេហទំព័រហ្វេសប៊ុកនោះបាននិយាយថា ការបិទផ្សារនេះធ្វើឡើងបន្ទាប់ពី អ្នកលក់ម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ។ អ្នកលក់ម្នាក់នេះ ស្ថិតក្នុងចំណោមមនុស្សចំនួន ១០ នាក់ដែលត្រូវបានរកឃើញថាឆ្លងជំងឺ Covid-19 ដែលបានបញ្ជាក់ដោយរដ្ឋបាលក្រុងបាងកក (BMA) កាលពីថ្ងៃអាទិត្យ។
នៅក្នុងសេចក្តីប្រកាសនោះបានបន្ថែមទៀតថា នៅថ្ងៃអង្គារ មន្ត្រីក្រសួងសុខាភិបាលថៃ និងការិយាល័យស្រុកបាងខេននឹងប្រមូលសំណាកពីអាជីវករ និងបុគ្គលិកផ្សារហើយនឹងចេញលទ្ធផលនៅថ្ងៃទី ២១ ខែមករា។ អាជីវករដែលធ្វើតេស្តិ៍អវិជ្ជមាន នឹងត្រូវបានអនុញ្ញាតនៅក្នុងទីផ្សារដើម្បីរៀបចំតូបរបស់ខ្លួនសម្រាប់បើកឡើងវិញនៅថ្ងៃសុក្រនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand


