ការងារអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នបានឈានដល់ដំណាក់កាលលើសពីមធ្យម ដែលរាជធានីភ្នំពេញឥឡូវកាន់តែមានភាពស៊ីវីល័យទៅៗ ទាំងមនុស្ស និងឧបករណ៍ប្រើប្រាស់នានា
សេដ្ឋកិច្ច January 18, 2021 Khmernote

ការងារអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ បានឈានដល់ដំណាក់កាលលើសពីមធ្យម ដែលរាជធានីភ្នំពេញឥឡូវកាន់តែមានភាពស៊ីវីល័យទៅៗ ទាំងមនុស្ស និងឧបករណ៍ប្រើប្រាស់នានា។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២១នេះថា រាជធានីភ្នំពេញបច្ចុប្បន្ន គឺមានការរីកចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រជាពលរដ្ឋរស់នៅមានភាពស៊ីវិល័យទាំងសម្ភារ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងបច្ចុប្បន្នមានការរីកចម្រើន ដោយមានហេដ្ឋារចនាសម្ព័ន្ធរីកដុះដាលជាច្រើនដូចជា៖ មានអគារខ្ពស់ៗ មានសាលារៀន មានមន្ទីរពេទ្យ មណ្ឌលសុខភាព ពិសេសមានផ្លូវគមនាគមន៍ដ៏ល្អងាយស្រួលធ្វើ ដំណើរ មានភ្លើងលម្អចម្រុះពណ៌នាពេលរាត្រីដ៏ស្រស់ស្អាត។

ឯកឧត្តមបានបន្តទៀតថា ក្នុងការស្ថានភាពទីក្រុងរីកចម្រើនឥតឈប់ឈរនេះដែរ ក៏ត្រូវមានការចូលរួមពីបណ្ដាប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម និងអ្នកធ្វើដំណើរតាមដងផ្លូវទាំងអស់ ត្រូវធានានូវសណ្តាប់ធ្នាប់នៅតាមដងផ្លូវឱ្យបានខ្ជាប់ខ្ជួន ពិសេសមានទំនួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ ដើម្បីចូលរួមសម្អាតទីក្រុងឱ្យកាន់តែមាន សោភ័ណភាពស្រស់ស្អាតជានិច្ច។

ឯកឧត្តមបានមានប្រសាសន៍ថា៖ « ចូលរួមសប្បាយរីករាយ ដោយសារយើងជាទីក្រុងកំពុងអភិវឌ្ឍ ប៉ុន្តែមានទិសដៅខ្ពស់ជាងមធ្យមដែរហើយ ដែលតម្រូវឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ កាលមុនទីក្រុងកំពុងអភិវឌ្ឍ វាមានបញ្ហាច្រើន អ៊ីចឹងត្រូវការអភិវឌ្ឍ ពីមុនយើងបិទភ្នែក ពេលឡានដឹកដីប្រឡាក់បន្តិចបន្តួចលើដងផ្លូវយើងសុខចិត្តទ្រាំ ប៉ុន្តែឥឡូវគឺអត់ទេ ដឹកហើយត្រូវតែលាងឱ្យស្អាត ដែលនេះជាកិច្ចការងារត្រូវធ្វើ ដើម្បីចូលរួមចំណែកជាមួយនិងការអភិវឌ្ឍ ធ្វើយ៉ាងណាអភិវឌ្ឍន៍ទៅតាមអនុសាសន៍របស់សម្តេចតេជោ មិនមែនអភិវឌ្ឍន៍មួយបំផ្លាញមួយទេ គឺអត់ចីរភាពទេ តែឥឡូវនេះគឺត្រូវតែស្អាត »។

ជាមួយគ្នានេះឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរតាមដងផ្លូវ ចូលរួមការថែរក្សានូវសណ្តាប់ធ្នាប់នៅលើដងផ្លូវទាំងអស់គ្នា ដើម្បីរក្សាឱ្យបាននូវភាពរៀបរយ និងមានភាពស្រស់ស្អាតនៅក្នុងទីក្រុង។

សូមបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញមានអគារខ្ពស់ៗ ចាប់ពី៧ជាន់ឡើងទៅ រហូតដល់ទៅជាង២០០០អគារ ស្ពានអាកាសថ្មើរជើង ចំនួន៤កន្លែង ហើយបើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ និងកសាងស្ពានអាកាសថ្មើជើងចំនួន ២៥ទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតប ទៅនឹងប្រទេសជាតិមានការអភិវឌ្ឍន៍និងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវ ប្រកបដោយសុវត្ថិភាព។ បន្ថែមពីនេះទៀតមានស្ពានអាកាសចំនួន៦ កន្លែង គឺ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស ៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាននិងកំពុងស្ថាបនាយ៉ាងញាប់ដៃញាប់ជើង ដើម្បីឱ្យទាន់តាមផែនការ៕

ប្រភព៖ ក្រសួងព័ត៌មាន