ទោះបីជាប្រជាជនជាច្រើនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយក៏ដោយ ក៏អូស្ត្រាលីទំនងជាមិនអាចបើកទ្វារព្រំដែនអន្តរជាតិរបស់ខ្លួនពេញលេញឡើងវិញនោះទេក្នុងឆ្នាំនេះ
សេដ្ឋកិច្ច January 18, 2021 Chan Sreyny

យោងតាមប្រធានមន្ទីរសុខាភិបាលអូស្ត្រាលីលោក Brendan Murphy បានឱ្យដឹងថា ប្រទេសអូស្រ្តាលីប្រហែលជាមិនអាចបើកទ្វារព្រំដែនអន្តរជាតិរបស់ខ្លួនបានពេញលេញនៅឆ្នាំនេះទេ បើទោះបីជាចំនួនប្រជាជនភាគច្រើនត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ហើយក៏ដោយ។ អាជ្ញាធរអូស្រ្តាលី ក៏កំពុងពិនិត្យមើលផលប៉ះពាល់អវិជ្ជមាននៃវ៉ាក់សាំង Pfizer បន្ទាប់ពីប្រទេសន័រវេសបានរាយការណ៍ពីចំនួនអ្នកស្លាប់តិចតួចចំពោះមនុស្សចាស់ដែលបានទទួលការចាក់វ៉ាក់សាំងនេះ។ លោក Brendan Murphy បាននិយាយថា « ទោះបីជាយើង មានចំនួនប្រជាជនបានចាក់វ៉ាក់សាំងច្រើនក៏ដោយ ក៏យើងមិនដឹងថាតើវានឹងការពារការឆ្លងពីជំងឺនេះបាន ឬយ៉ាងណា »។

ទន្ទឹមនឹងនេះ រដ្ឋ Victoria ដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Australian Open បានរាយការណ៍ថាមានករណីវិជ្ជមានចំនួន ៤ នៅក្នុងអ្នកដំណើរបរទេសដែលពាក់ព័ន្ធនឹងការប្រកួតកីឡាវាយកូនបាល់នេះ។ ករណីទាំងនេះ បានជំរុញ​ឱ្យអាជ្ញាធរបញ្ជូនជើងហោះហើរពិសេសរបស់អូស្រ្តាលីចំនួន ៣ ទៅកាន់កន្លែងស្នាក់នៅដាច់ដោយឡែក ដែលបង្ខំឲ្យកីឡាករជាង ៧០ នាក់ស្នាក់ទៅក្នុងបន្ទប់សណ្ឋាគាររយៈពេល ១៤ ថ្ងៃ។

គួរឱ្យដឹងផងដែរថា ប្រទេសអូស្រ្តាលីបានរាយការណ៍ថាមានករណីឆ្លងជំងឺ Covid-19 ក្នុងតំបន់ជាង ២២,០០០ ករណី និងមានអ្នកស្លាប់ចំនួន ៩០៩ នាក់ចាប់តាំងពីការរាតត្បាតបានចាប់ផ្តើម៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia