រដ្ឋាភិបាលអាមេរិកផ្តល់ថវិកាចំនួន ៤២ ម៉ឺនដុល្លារសម្រាប់អភិរក្សជណ្តើរខាងជើងនៃប្រាសាទព្រះវិហារ និងសម្រាប់គម្រោងនៅប្រាសាទភ្នំបាខែង
សេដ្ឋកិច្ច January 18, 2021 Chan Sreyny

ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ បានចុះហត្ថលេខាផ្តល់នូវជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិរក្សប្រាសាទដ៏មានតម្លៃរបស់កម្ពុជា គឺប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។ ជំនួយទាំងនេះ ទទួលបានមកពីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ជាកម្មវិធីជំនួយមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានអនុម័តលើជំនួយជាថវិកាចំនួន ១២ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរជាតិព្រះវិហារដើម្បីអភិរក្សជណ្តើរខាងជើងនៃប្រាសាទព្រះវិហារ ដែលត្រូវបានសាងសង់នៅសតវត្សទី១១ ។ ហើយជំនួយនេះ នឹងត្រូវប្រើប្រាស់ផងដែរសម្រាប់ជួសជុលឡើងវិញនូវប្រព័ន្ធបង្ហូរទឹកសម័យបុរាណនៅសងខាងនៃជណ្តើរនោះ។

ជាមួយគ្នានេះ ទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារ ទៀតត្រូវផ្តល់ជូនមូលនិធិប្រាសាទពិភពលោក (WMF) សម្រាប់បន្តការងារអភិរក្សក្នុងដំណាក់កាលទី៥ នៃគម្រោងនៅប្រាសាទភ្នំបាខែងក្នុងក្រុងសៀមរាប សម្រាប់រយៈពេល ២៤ខែ រហូតដល់ឆ្នាំ ២០២២ ។ គម្រោងនេះ នឹងដំណើរការទៅក្នុងបរិបទនៃទំនាក់ទំនងរយៈពេលយូររបស់អង្គការ WMF ជាមួយអាជ្ញាធរជាតិអប្សរា។

ឯកឧត្តមបន្តថា ទីតាំងប្រវត្តិសាស្រ្តទាំងនេះគឺជាចំណែកដែលនៅស្ថិតស្ថេរយូរអង្វែងនៃបេតិកភណ្ឌវប្បធម៌យ៉ាងពិសេសរបស់ប្រទេសកម្ពុជា ដែលត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃនៅទូទាំងពិភពលោក។ ហើយការប្រកាសផ្តល់ជំនួយជាថវិកានៅនេះ ក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធនៅកម្ពុជាថវិកានេះនឹងជួយអភិរក្សប្រាសាទទាំងនេះសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

សូមបញ្ជាក់ថា មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ត្រូវបានបង្កើតឡើងដើម្បីជួយអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗ។ នៅក្រោមជំនួយជាថវិកាពីមូលនិធិនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៤លានដុល្លារ ហើយមកដល់ប្រទេសកម្ពុជា ដោយគិតពីឆ្នាំ ២០០១ មក។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ថែមទាំងបានផ្តល់ជំនួយជាថវិកាផងដែរសម្រាប់អភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗដទៃទៀតនៅព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន