វិស័យកសិកម្មក្នុងខេត្តសៀមរាប មានសន្ទុះកើនឡើងដោយសារកត្តាទាំងនេះ
សេដ្ឋកិច្ច January 16, 2021 Chan Sreyny

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបមានប្រសាសន៍ថា វិស័យកសិកម្មខេត្តសៀមរាបកំពុងតែងើបឡើងគួរឱ្យកត់សម្គាល់ ដោយកសិករនាំគ្នាដាំដំណាំកសិកម្មដើម្បីលក់ទៅកាន់ទីផ្សារកាន់តែច្រើន និងអាចលើកកម្ពស់ជីវភាពបងប្អូនកាន់តែល្អប្រសើរ។ ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធអគារសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ នាព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នេះឯកឧត្តម ទៀ សីហា បានថ្លែងថា បច្ចុប្បន្ននេះបណ្តាស្រុកមួយចំនួនរបស់ខេត្តសៀមរាបកំពុងអភិវឌ្ឍខ្លួនឱ្យប្រែក្លាយជាតំបន់ដែលមានសក្តានុពលលើវិស័យកសិកម្ម និងកសិទេសចរណ៍យ៉ាងខ្លាំង។ ឯកឧត្តមរំពឹងថា ក្រោយពេលផ្លូវថ្នល់ទាំង ៣៨ខ្សែ រួចរាល់ជាស្ថាពរនឹងធ្វើឱ្យបណ្តាស្រុកដែលនៅជាប់ក្រុងសៀមរាបទាំងនោះកាន់តែមានភាពងាយស្រួលក្នុងការវិនិយោគលើវិស័យកសិកម្ម។

ឯកឧត្តមបន្ថែមថា ទេសចរណ៍យើងធ្លាក់ចុះខ្លាំង ប៉ុន្តែវិស័យកសិកម្មយើងកំពុងបន្តព្យាយាមថាតស៊ូដើម្បីជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាក្រុងស្រុក តែក្នុងនោះខ្ញុំឃើញថាស្រុកនៅក្នុងខេត្តសៀមរាបដែលកំពុងលេចធ្លោក្នុងការអភិវឌ្ឍលើវិស័យកសិកម្ម ឬកសិកម្មទេសចរណ៍គឺកំពុងលេចមុខលេចមាត់ដូចជា៖ ស្រុកប្រាសាទបាគង បន្ទាយស្រី ជីក្រែងចាប់ផ្តើមតិចៗ ស្រុកវ៉ារិន្ទ ពួក និងក្រឡាញ់នេះជាស្រុកដែលនៅជុំវិញក្រុងដែលកំពុងចាប់យកអ្វីដែលក្រុងអភិវឌ្ឍន៍ផ្លូវ ៣៨ខ្សែ និងមានផ្លូវទៅដល់ស្រុកឱ្យបានល្អប្រសើរខ្ញុំជឿជាក់ថា នេះក៏ជាកត្តាមួយដែលអាចជំរុញការវិនិយោគទុននៅតាមបណ្តាស្រុក។

ឯកឧត្តមបានកោតសរសើរសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ដែលបានខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលវិស័យពាណិជ្ជកម្ម កសិកម្ម សេវាកម្ម ឧស្សាហកម្ម និងសិប្បកម្មជាពិសេសការខិតខំទាក់ទាញវិនិយោគគិនជាច្រើនមកកណ្តាក់ទុននៅក្នុងខេត្តសៀមរាប ដើម្បីជំរុញកំណើនសេដ្ឋរបស់ខេត្ត ឱ្យកាន់តែប្រសើរឡើង និងបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន