ធនាគារជាតិនៃកម្ពុជា ជាប់ជាធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ
សេដ្ឋកិច្ច January 16, 2021 Khmernote

ធនាគារជាតិនៃកម្ពុជា បានជាប់ជាធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ដែលបានរួមចំណែកជំរុញកំណើន និងរក្សា ស្ថិរភាពសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ក្នុងស្ថានភាពដែលកម្ពុជាទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាល​ដាលនៃ​ជំងឺកូវីដ-១៩។ ការផ្តល់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងដោយ The Banker ដែលជាភ្នាក់ងារប្រមូលផ្តុំទិន្នន័យនិងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលលោក ក្រោយពីបានវាយតម្លៃលើសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាទទួលបានក្នុងរយៈពេលកន្លងមក នេះបើយោងតាមធនាគារជាតិនៃកម្ពុជា។

បើតាមធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា The Banker បានវាយតម្លៃខ្ពស់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា ចាន់តូ ធនាគារជាតិនៃកម្ពុជាទទួលបាន​ជោគជ័យ​ក្នុង​ការ គ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ក្នុងដំណាក់កាលដែលកម្ពុជា ក៏ដូចជាពិភព​លោក កំពុងជួបនឹងវិបត្តិ នៅឆ្នាំ២០២០ កន្លងទៅ។ បើតាម The Banker បានកត់សម្គាល់ថា កម្ពុជាបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។

តែទោះយ៉ាងណា កម្ពុជាក៏បានរងផលប៉ះពាល់ដោយសារការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ​នៃចំណូលវិស័យទេសចរណ៍ និងបានទទួលរងគ្រោះទឹកជំនន់រយៈពេលខ្លី។ កំណើន​សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងអាចធ្លាក់ចុះដល់ -១,៩ភាគរយ នៅឆ្នាំ២០២០។ ទន្ទឹមនេះ ដើម្បីចូល​រួមកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះ និងបញ្ហាប្រឈមទាំងនេះ ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ចេញនូវវិធានការគាំទ្រមួយចំនួនដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងនោះរួមមាន ការរៀបចំឥណទានឡើងវិញដែលបានដាក់ឱ្យអនុវត្តកាលពីខែមីនា ឆ្នាំ​២០២០កន្លងមក និងបន្តអនុវត្តដល់ដំណាច់ខែមិថុនា ឆ្នាំ២០២១នេះ។ ការរៀប​ចំឥណ​ទានឡើងវិញត្រូវបានអនុញ្ញាតរហូតដល់ទៅបីដង ដោយមិនមានប៉ះពាល់ដល់ចំណាត់​ថ្នាក់ឥណទាននោះទេ។

ជាមួយគ្នានេះ ចំពោះបទប្បញ្ញត្តិបន្ថែមរួមមាន ការកាត់បន្ថយអត្រាការប្រាក់ និង​ការ​លើកលែងថ្លៃសេវា ជាដើម ដែលការដាក់ចេញនេះ​បានធ្វើឱ្យឥណទានមិនដំណើរ​ការស្ថិតក្នុងកម្រិតទាប ២,៥ភាគរយ។ ទន្ទឹមនេះ កម្ពុជាក៏បានជំរុញការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ធនាគារឌីជីថល។ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធបាគង កាលពីខែតុលា ឆ្នាំ២០២០ ដែលបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយសារមានក្រុមហ៊ុនឯកជនជាច្រើនបើកប្រាក់បៀវត្សរ៍ជូនបុគ្គលិករបស់ខ្លួនជាសាច់ប្រាក់នៅឡើយ។ ប្រព័ន្ធបាគងត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងអាចធ្វើប្រតិបត្តិការទូទាត់បានទាំងជាប្រាក់រៀល និងប្រាក់ដុល្លារអាម៉េរិក តាមរយៈ​ទូរស័ព្ទដៃ ដោយអ្នកប្រើប្រាស់អាចស្កេនលេខកូដ ឬវាយបញ្ចូលលេខទូរស័ព្ទ​របស់​អ្នក​ទទួលប្រាក់។ ប្រព័ន្ធបាគងមានសមាជិកប្រមាណ ២០ធនាគារ។ ម៉្យាងទៀត រូបិយវត្ថុ​ជាតិក៏ត្រូវបានជំរុញឱ្យប្រើប្រាស់យ៉ាងខ្លាំងក្លាផងដែរ សំដៅជំរុញកំណើនប្រកប​ដោយ​ចីរភាព និងអភិវឌ្ឍន៍ប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធភាព និងជាពិសេសកាត់បន្ថយ​ការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក។

បើតាមធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ន ការទូទាត់ដែលមានទឹកប្រាក់​តិចជាង១០០ដុល្លារអាម៉េរិក ត្រូវបានធ្វើឡើងជាប្រាក់រៀល ខណៈដែលការប្រើប្រាស់​ក្រដាស់ប្រាក់ដុល្លារអាម៉េរិកដែលមានទំហំទឹកប្រាក់តូចបានថយចុះជាបណ្តើរៗ៕

ប្រភព៖ ក្រសួងព័ត៌មាន