បង្គន់អនាម័យសាធារណៈ កំពុងត្រូវបានសាងសង់ឡើងនៅតាមបណ្តោយឆ្នេរសមុទ្រខេត្តព្រះសីហនុ ដោយផ្តោតលើអនាម័យ និងបរិស្ថាន ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅកម្សាន្តខេត្តគោលដៅទេសចរណ៍មួយនេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលក្រុងព្រះសីហនុនាទីស្តីការគណៈរដ្ឋមន្ត្រី លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ការរៀបចំឱ្យមាន បង្គន់ស្អាតនៅតាមតំបន់ឆ្នេរនេះ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង រក្សាប្រភពទឹកឱ្យស្អាតនិងធានាសុខុមាលភាព ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
លោកបន្តថា នៅពេលសម្រេចចិត្តរកកន្លែងសាងសង់បង្គន់អនាម័យ ត្រូវប្រាកដថា វានឹងមិនបំពុលប្រភពទឹកណាមួយឡើយ និងមិនហូរទៅសមុទ្របាននោះទេ។ ម្យ៉ាងទៀត ត្រូវប្រាកដថាបង្គន់នឹងមិនបំពុលទឹកក្រោមដីនោះដែរ។ លោកបានលើកឡើងដូច្នេះថា « កន្លងមកយើងទៅកម្សាន្ត ទៅតាមបណ្តោយឆ្នេរយើងពិបាកបង្គន់អនាម័យគម្រោងនេះ គណៈកម្មាធិកាឆ្នេរ យើងបានស្ថាបនាបង្គន់អនាម័យដែលមានស្តង់ដារចំនួន៩ទីតាំង ហើយបន្ទប់ទឹកទាំងអស់នេះ ប្រជាពលរដ្ឋកុំបារម្ភថា បង្គន់អនាម័យនៅទីនេះ ទឹកស្អុយដែល ចេញពីបន្ទប់ទឹកនេះ មិនអាចហូរទៅទឹកសមុទ្របាននោះទេ ។ គឺថ្នាក់ដឹកនាំ និងអ្នកជំនាញបានសិក្សារួចហើយ យើងបានគិតគូរមុននឹងធ្វើរួចហើយ ទុយោភ្ជាប់ពីបង្គន់អនាម័យនេះ ឆ្លងកាត់ទៅផ្លូវ របស់យើងតាមបណ្តោយឆ្នេរ និងលូខាងឆ្វេងនៃផ្លូវ ហើយមិនឱ្យទឹកស្អុយទាំងអស់នេះហូរចូលសមុទ្រយើងបានទេ»។

សូមបញ្ជាក់ថា ការសាងសង់បន្ទប់ទឹកសាធារណៈចំនួន ៩ទីតាំងតាមបណ្តោយឆ្នេរសម្រេចបានប្រមាណ៣០ ភាគរយហើយ ក្នុងនោះឆ្នេរអូរឈើទាល មានបង្គន់អនាម័យចំនួន ៣ទីតាំង ឆ្នេរអូរត្រេះមានបង្គន់អនាម័យចំនួន ៥ទីតាំង និងឆ្នេរពយជំទាវម៉ៅ មានបង្គន់អនាម័យចំនួន១ទីតាំង៕
(រូបតំណាង)

ប្រភព៖ ក្រសួងព័ត៌មាន


