រមណីយដ្ឋានតំបន់ទេសចរណ៍ភ្នំដា នារដូវនេះទេសភាពពិតជាអស្ចារ្យណាស់ និងបានឃើញសម្រស់វាលស្រែខៀវស្រងាត់ដាច់កន្ទុយភ្នែកអមជាមួយនឹងខ្យល់អាកាសបរិសុទ្ធ ដែលអាចរំសាយអស់ទុក្ខកង្វល់បន្ទាប់ពីបំពេញការងារ។ លោក ឈូក ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវបានមានប្រសាសន៍ថា « ក្នុងរយៈពេល ១ ឆ្នាំ ២០២០ កន្លងមកមានភ្ញៀវមកទស្សនាកម្សាន្តនៅក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទភ្នំដាប្រមាណជាង ១ម៉ឺន ៥ពាន់នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិជាង ១៥,០០០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៤៣៣នាក់។ លោកបានបន្តថា រហូតមកដល់ពេលនេះក៏នៅតែមានភ្ញៀវទេសចរមកលេងកម្សាន្តជាហូរហែផងដែរ ដោយសារតែទីនេះមានទេសភាពស្រស់ស្អាត ជាមួយវាលស្រែដាច់កន្ទុយភ្នែកដែលមានទេសភាពពណ៌មាសនៃស្រូវទុំលាយឡំជាមួយនឹងទេសភាពវាលស្រែពណ៌បៃតង។
លោកបានបន្ដថា ភ្ញៀវទេសចរដែលពួកគាត់ចូលចិត្តមកកម្សាន្តនៅទីនេះ ដោយសារតែពួកគាត់មានគោលបំណងឈ្វេងយល់ចង់ចេះចង់ដឹង ព្រមទាំងបានពុះពារមិនខ្លាចនឿយហត់ចូលទៅទស្សនាយ៉ាងហូរហែអំពីសក្តានុពលវប្បធម៌នាសម័យកោះគោកធ្លក ដើម្បីធ្វើការស្រាវជ្រាវអំពីស្នាដៃដែលជាកេរដំណែលដ៏ល្បីល្បាញនៃបុព្វបុរសខ្មែរយើងពីជំនាន់ដើម ព្រមទាំងអាចស្រូបយកខ្យល់អាកាសបរិសុទ្ធផងដែរ។

ប្រាសាទភ្នំដា បើនិយាយបុរាណដ្ឋានស្រុកខ្មែរគេចាត់ទុកថា ប្រាសាទភ្នំដាគឺជាប្រាសាទដែលកសាងមុនគេបង្អស់ ដើម្បីគេស្រាវជ្រាវប្រាសាទបុរាណនៅស្រុកខ្មែរគឺចាប់ផ្ដើមពីប្រាសាទភ្នំដាទៅមុន។ តាមឯកសារប្រាសាទហ្នឹងកសាងពីថ្មបាយក្រៀម ទំហំវាប្រហែល ៨ម៉ែត្របួនជ្រុង ដោយភ្នំនេះ ច្រើនអ្នកមកពីតំបន់អឺរ៉ុបគឺជនជាតិអាម៉េរិក គេជាអ្នកមកធ្វើការស្រាវជ្រាវ។

សូមបញ្ជាក់ថា ប្រាសាទភ្នំដាជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយមានវ័យចំណាស់ជាងគេ ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដែនដីចំណាស់នៃនគរគោកធ្លកស្ថិតនៅឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ មានចម្ងាយ ១០២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕
ប្រភព៖ ក្រសួងព័ត៌មាន


