នាយករដ្ឋមន្រ្តីថៃ៖ រដ្ឋាភិបាលនឹងផ្ដល់វ៉ាក់សាំង Covid-19​ ដែលមានសុវត្ថិភាព និងច្រើនបំផុតតាមដែលអាចធ្វើបានដល់ប្រជាជន ដើម្បីសុខភាពសាធារណៈ និងសេដ្ឋកិច្ច
សេដ្ឋកិច្ច January 16, 2021 Khmernote

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានផ្ដល់ការធានាថា រដ្ឋាភិបាលនឹងផ្ដល់វ៉ាក់សាំង Covid-19​ ដែលមានសុវត្ថិភាពបំផុតសម្រាប់ប្រជាជន និងផ្ដល់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ លោកនាយករដ្ឋមន្រ្តី បានធ្វើការប្រកាស​នៅលើ គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីម្សិលមិញថា វិធីល្អបំផុតក្នុងការដោះស្រាយជំងឺរាតត្បាត គឺត្រូវធានាថាចំនួនមនុស្សអតិបរមាដែលអាចទទួលបានវ៉ាក់សាំង។ លោកបានសរសេរថា នេះនឹងជាវិធីសាស្ត្រគ្រប់គ្រងជំងឺដែលមានតម្លៃថោកជាងការធ្វើតេស្តទ្រង់ទ្រាយធំ ហើយនឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាពសាធារណៈក៏ដូចជាសេដ្ឋកិច្ចផងដែរ។

ជាមួយគ្នានេះដែរលោក ប្រាយុធ បានមានប្រសាសន៍ថា​ ប្រទេសថៃបានគ្រប់គ្រងលើវីរុស Covid-19 បានយ៉ាងត្រឹមត្រូវ ហើយប្រទេសនេះមិនត្រូវបានគេកំណត់ថាមានការផ្ទុះឡើងធ្ងន់ធ្ងរនោះទេ។ ដូច្នេះ ប្រទេសថៃមិនត្រូវបានជ្រើសរើសសម្រាប់ការសាកល្បងប្រសិទ្ធភាពវ៉ាក់សាំងនោះឡើយ ព្រោះមិនមានក្រុមគំរូគ្រប់គ្រាន់ដូចជាមាននៅក្នុងប្រទេសជាច្រើនទៀត។ បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងបន្ថែមថា ទោះជាយ៉ាងណាទីភ្នាក់ងារពាក់ព័ន្ធនានាបានជូនដំណឹងអំពីការស្រាវជ្រាវ និងការវិវត្តថ្មីៗលើវ៉ាក់សាំង ហើយគ្រោងនឹងទិញវ៉ាក់សាំងរួចហើយ។

ជាងនេះទៅទៀតនោះ ក្រុមហ៊ុនផលិតឱសថក្នុងស្រុក Siam Bioscience ដែលទទួលបានសម្បទានពីសាកលវិទ្យាល័យ Oxford / AstraZeneca ដើម្បីផលិតវ៉ាក់សាំងរបស់ខ្លួនបានចាប់ផ្តើមបង្កើតវានៅក្នុងខែធ្នូ។ ដោយលោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការធ្វើតេស្តផលិតភាព និងប្រសិទ្ធភាពដោយរដ្ឋបាលចំណីអាហារ និងឱសថថៃ នឹងចំណាយពេលប្រហែល ៤ ខែ ហើយក្រុមហ៊ុនគ្រោងនឹងផលិតនូវថ្នាំចំនួន ២០០ លានជារៀងរាល់ឆ្នាំ។

គួរឲ្យដឹងផងដែរថា កាលពីមុនរដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំងចំនួន ២៦ លានដូសពីក្រុមហ៊ុន AstraZeneca ដែលជាក្រុមហ៊ុនរបស់អង់គ្លេស-ស៊ុយអែត ហើយថ្មីៗនេះបានស្វែងរកថ្នាំចំនួន ៣៥ លានដូសទៀត។ យ៉ាងណាមិញយោងតាមលោកនាយករដ្ឋមន្រ្តី វ៉ាក់សាំង Covid-19 ចំនួនជាង ៣២ លានដូសត្រូវបានផ្តល់ឱ្យប្រជាជននៅទូទាំងពិភពលោកចាប់តាំងពីចុងឆ្នាំមុន ពោលគឺ ១០.៧ លានដុល្លារនៅអាមេរិក ៩ លាននាក់នៅចិន ៩ លាន ៣ សែនដូស នៅអឺរ៉ុប និង ៣.១ លានដូសនៅចក្រភពអង់គ្លេស៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost