គណៈកម្មាធិការគោលនយោបាយទេសចរណ៍ជាតិថៃ បានអនុម័តលើគោលការណ៍ណែនាំ ដែលបានស្នើសម្រាប់ការប្រមូលថ្លៃសេវាទេសចរណ៍ ៣០០បាត (១០ ដុល្លារ) ពីភ្ញៀវទេសចរអន្តរជាតិម្នាក់ៗ សម្រាប់ការគ្រប់គ្រងគោលដៅទេសចរណ៍ក្នុងស្រុក។ ថវិកានេះក៏នឹងត្រូវប្រើដើម្បីផ្តល់អត្ថប្រយោជន៍ ធានារ៉ាប់រងដល់ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រទេសនេះផងដែរ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាលោក Phiphat Ratchakitprakarn បាននិយាយថាភ្ញៀវទេសចរបរទេសម្នាក់ៗនឹងត្រូវបង់លុយចំនួន ៣០០ បាត (១០ ដុល្លារ) ក្នុងមួយលើក។
យោងតាម Phiphat Ratchakitprakarn ប្រទេសថៃរំពឹងថា នឹងទទួលបានភ្ញៀវទេសចរប្រមាណ ១០ លាននាក់នៅឆ្នាំនេះ។ លោកបានបញ្ជាក់ថា គុណប្រយោជន៍នៃថ្លៃទេសចរណ៍ ៣០០បាតនេះ គឺភ្ញៀវទេសចរបរទេសដែលធ្លាក់ខ្លួនឈឺ ឬ រងរបួសនឹងត្រូវមើលថែ និងផ្តល់ការព្យាបាលឱ្យបានគ្រប់គ្រាន់ដោយចំនួន ៣៤បាត នៃប្រាក់នោះ ត្រូវគេរំពឹងថានឹងត្រូវប្រើសម្រាប់ការធានារ៉ាប់រង។ ជាមួយគ្នានេះនោះ លេខាធិការអចិន្រ្តៃយ៍ទេសចរណ៍លោក Chote Trachu កាលពីថ្ងៃទី១៤ ខែមករាបាននិយាយថាការប្រមូលថ្លៃសេវាកម្ម គឺចាប់ផ្តើមពីឆ្នាំទៅ ប៉ុន្តែត្រូវបានផ្អាកវិញដោយសារជំងឺ Covid-19 រាតត្បាត។

លោកបានបន្តថា គណៈកម្មាធិការគោលនយោបាយទេសចរណ៍ជាតិ បានវាយតម្លៃពីស្ថានភាពនេះ ហើយបានឯកភាពថាការប្រមូលថ្លៃសេវាទេសចរណ៍គួរតែបន្តនៅឆ្នាំនេះ។ ទោះជាយ៉ាងណាក្ដីព័ត៌មានលំអិតនៃការប្រមូលថ្លៃសេវា នឹងត្រូវបានប្រកាសនៅក្នុង Royal Gazette នៅពេលដែលគោលការណ៍បានចូលជាធរមាន៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


