យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vietnamplu បានឲ្យដឹងថា យីហោសកល និងក្រុមហ៊ុនខ្នាតតូច កំពុងផ្តល់ជំនួយយ៉ាងសកម្មដល់ពលករចំណាកស្រុកនៅប្រទេសថៃ ដែលកំពុងជួបការលំបាក បន្ទាប់ពីមានការផ្ទុះឡើងជាថ្មីនៃវីរុស Covid-19 នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ប្រភពដដែលបានបន្តឲ្យដឹងថា ប្រទេសថៃកំពុងតស៊ូ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃមេរោគឆ្លងដ៏អាក្រក់បំផុតរបស់ខ្លួន ដោយមានករណីឆ្លងថ្មីជាង ២០០ ករណីក្នុងមួយថ្ងៃ។ ហើយរហូតមកដល់ពេលនេះ ប្រទេសនេះបានរាយការណ៍ករណីជាង ១១,០០០ ករណីហើយ ដោយក្នុងនោះមានមនុស្សស្លាប់ចំនួន ៦៩ នាក់។
ជាមួយគ្នានេះដែរ នៅខេត្ត សាមុត សាខន ដែលជាខេត្តមួយនៅភាគខាងត្បូងនៃទីក្រុងបាងកក ដែលបានផ្ទុះឡើងវីរុស Covid-19 នៅឯទីផ្សារបង្គាកាលពីចុងឆ្នាំមុន មានកម្មករចំណាកស្រុកជាច្រើនកំពុងតស៊ូដើម្បីរស់ ខណៈដែលអាជ្ញាធរមូលដ្ឋានបានដាក់បទបញ្ជាផ្នែកសង្គមនៅទីនេះចាប់តាំងពីខែធ្នូ ឆ្នាំមុន។ យោងតាមក្រុមសកម្មជន មានកម្មករចំណាកស្រុកប្រមាណ ៤០០,០០០នាក់ ដែលភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា កំពុងធ្វើការនៅក្នុងខេត្តនេះ ហើយវិបត្តិសុខភាពនេះបានធ្វើឱ្យកម្មករចំណាកស្រុកជាច្រើនមិនអាចរកការងារធ្វើបាន។

ទោះបីជាណាក្ដី មូលនិធិ Raks Thai ដែលជាអង្គការសប្បុរសធម៌ ជំនួយផ្នែកច្បាប់ដែលមានការិយាល័យនៅ សាមុតសាខន បាននិយាយថា ខ្លួនបានទទួលអំណោយពីក្រុមហ៊ុនបរទេស និងក្នុងស្រុកជាច្រើនចាប់តាំងពីខែធ្នូ។ អ្នកតំណាងមកពីមូលនិធិបាននិយាយថា ពលករចំណាកស្រុកជួយគាំទ្រដល់សេដ្ឋកិច្ចថៃ ហើយពួកគេគួរតែទទួលបានសិទ្ធិស្មើគ្នាដូចទៅនឹងកម្មករជនជាតិថៃ។

ទន្ទឹមនឹងនោះលោកស្រី Kimberly Rogovin អ្នកសម្របសម្រួលនៃវេទិកាយុត្តិធម៌ការងារសកល – វេទិកាសិទ្ធិការងារអន្តរជាតិដែលជាអង្គការមួយដើម្បីធានាសិទ្ធិរបស់កម្មករបានសង្កត់ធ្ងន់ ពីភាពចាំបាច់ត្រូវធ្វើបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន និងការពារគ្រោះមហន្តរាយនាពេលអនាគត។ លោកស្រីបានស្នើឱ្យវិស័យឯកជនធានាថា កម្មករទទួលបានប្រាក់ឈ្នួលសមរម្យ មានលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងមិនមានបន្ទុកក្នុងការបង់ប្រាក់សម្រាប់ការធ្វើតេស្តវីរុស Covid-19៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


