គណៈរដ្ឋមន្រ្តីជប៉ុន បានសំរេចក្នុងការប្រើថវិកាបម្រុងចំនួន ៧៤១.៨ ពាន់លានយ៉េន (៧.១៥ ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដើម្បីបង្កើនប្រាក់ឧបត្ថម្ភដល់ភោជនីយដ្ឋាន និងបារដែលបានកាត់បន្ថយម៉ោងធ្វើការបន្ទាប់ពីការប្រកាសអាសន្នចុងក្រោយស្តីពីជំងឺរាតត្បាត Covid-19 ។ ថវិកានេះនឹងត្រូវផ្តល់ជូន ដូច្នេះសាលាក្រុងអាចផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រតិបត្តិករកាន់តែងាយស្រួលក្នុងការឆ្លើយតបនឹងការស្នើសុំតាមមូលដ្ឋាន ដើម្បីកាត់បន្ថយម៉ោងរបស់ពួកគេដោយមានការឧបត្ថម្ភធនរបស់រដ្ឋរហូតដល់ ៦០,០០០ យ៉េនក្នុងមួយថ្ងៃ។
ស្ថិតក្រោមស្ថានភាពអាសន្នរហូតដល់ថ្ងៃទី ៧ ខែកុម្ភះ ភោជនីយដ្ឋាន និងបារត្រូវបានស្នើសុំអោយឈប់បំរើគ្រឿងស្រវឹងត្រឹមម៉ោង ៧ ល្ងាចហើយបិទត្រឹមម៉ោង ៨ ល្ងាច។ រដ្ឋាភិបាលកណ្តាល បានត្រៀមថវិកាប្រមាណ ២៧០ ពាន់លានយ៉េននៅចុងឆ្នាំមុន សម្រាប់រដ្ឋាភិបាលក្នុងតំបន់ដើម្បីផ្តល់ការឧបត្ថម្ភនេះ។

គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលជប៉ុនបានទុកថវិកាបំរុងសរុបចំនួន ១១.៥ ទ្រីលានយ៉េនក្រោមថវិកាបន្ថែមចំនួនពីរសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្នចាប់ពីខែមេសា ដែលត្រូវបានប្រើដើម្បីឆ្លើយតបនឹងការរាតត្បាតនៃជំងឺ Covid-19 ៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews


