មីយ៉ាន់ម៉ាសំណាងណាស់ ខណៈប្រទេសចិន សន្យាផ្ដល់វ៉ាក់សាំង Covid-19 ដោយឥតគិតថ្លៃ
សេដ្ឋកិច្ច January 15, 2021 Khmernote

យោងតាមការប្រកាសរបស់ក្រសួងការបរទេសចិន កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប្រទេសចិននឹងផ្ដល់វ៉ាក់សាំងការពារវីរុស covid-19 ដល់ប្រទេសមីយ៉ាន់ម៉ា ដោយឥតគិតថ្លៃ។ ការសន្យាផ្ដល់វ៉ាក់សាំងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបនៃដំណើរទស្សនកិច្ចមួយ ទៅកាន់ទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា នៅសប្តាហ៍នេះ រវាងលោក Wang Yi ក្រុមប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន ជាមួយលោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា។ ក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា​៖ « ប្រទេសចិនមានឆន្ទៈបន្តគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 និងផ្តល់នូវការផ្គត់ផ្គង់ថ្នាំប្រឆាំង ក៏ដូចជា វ៉ាក់សាំង នឹងជំងឺរាតត្បាតដល់ប្រទេសមីយ៉ាន់ម៉ាជាបន្តបន្ទាប់ ហើយប្រទេសចិនក៏មានឆន្ទៈពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវ៉ាក់សាំងជាមួយប្រទេសមីយ៉ាន់ម៉ាដែរ »។

គួរបញ្ជាក់ផងដែរថា នេះជាដំណើរទស្សនកិច្ចការទូតលើកដំបូងរបស់មីយ៉ាន់ម៉ា ចាប់តាំងពីការបោះឆ្នោតកាលពីឆ្នាំមុន ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi ទទួលបានអាសនៈភាគច្រើននៅក្នុងអង្គនីតិបញ្ញត្តិ។ ជាមួយគ្នានេះដែរ បន្ទាប់ពីចាកចេញពីប្រទេសមីយ៉ាន់ម៉ា លោក Wang Yi នឹងធ្វើដំណើរទស្សនកិច្ចបន្តនៅប្រទេស ឥណ្ឌូណេស៊ី ប្រ៊ុយណេ និងប្រទេសហ្វីលីពីន មុនពេលវិលត្រឡប់ទៅកាន់ប្រទេសចិននៅថ្ងៃសោរិ៍៍ ក្នុងសប្ដាហ៍នេះ៕

អត្ថបទ៖ លីនី
ប្រភព៖ fmprc