ក្រុមហ៊ុនវិនិយោគមួយ មានគម្រោងអភិវឌ្ឍកែលំអសួនច្បារមាត់ទន្លេក្រុងតាខ្មៅអោយសក្តិសមជាទីក្រុងស្អាតទេសចរណ៍អាស៊ាន
សេដ្ឋកិច្ច January 15, 2021 Chan Sreyny

ក្រុមហ៊ុនផ្កាត្រកួន ជាក្រុមហ៊ុនមួយមានបទពិសោធន៍វិនិយោគវិស័យសេវាកម្មទេសចរណ៍ធម្មជាតិ មានគំរោងជួយកែលំអសួនច្បារមាត់ទន្លេបាសាក់ឱ្យកាន់តែមានសោភណ័ភាពថែមទៀត សក្តិសមជាទីក្រុងស្អាតទេសចរណ៍អាស៊ាន។ ក្នុងឱកាសបើកកិច្ចប្រជុំត្រួតពិនិត្យពិភាក្សា និងវាយតម្លៃលើគម្រោងអភិវឌ្ឍន៍សួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅជាមួយលោកឧកញ៉ា ឌិន សុមេធា ស្ថានិកក្រុមហ៊ុនផ្កាត្រកួននៅសាលាខេត្តកណ្តាល កាលពីថ្ងៃទី ១៤ ខែមករានេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តឱ្យក្រុមហ៊ុនមួយនេះអនុវត្តគម្រោងរបស់ខ្លួនឲ្យបានឆាប់រហ័យ ដោយត្រូវសិក្សាលម្អិតទៅលើវឌ្ឍនភាពគម្រោងផ្អែកតាមស្ថានភាពជាក់ស្តែងឲ្យបាន ត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលបានបញ្ជាក់ថា ការកសាងគម្រោងកែលម្អសួនច្បារនេះ ធ្វើឡើង ដើម្បីរួមចំណែកការពារការបាក់ស្រុតច្រាំងទន្លេ និងជាផ្នែកមួយធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាពទីក្រុង ឲ្យមានភាពស្រស់បំព្រងមានភាពបៃតង និងបរិស្ថានល្អទុកជាទីកន្លែងសាធារណៈ។

ឯកឧត្តមអភិបាលខេត្ត បានតម្រូវឲ្យម្ចាស់គំរោងត្រូវរៀបចំជាសួនច្បារតាមមាត់ទន្លេឲ្យមានសោភ័ណ្ឌភាព ត្រូវដាំផ្កាចំរុះពណ៌ ដាំស្មៅ ដើមឈើតូចធំ និងបំពាក់នូវភ្លើងលំអរផ្សេងៗដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្តនៅក្រុងតាខ្មៅបានកាន់តែច្រើនឡើង។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំដល់ម្ចាស់គម្រោងត្រូវគិតគូររកទីតាំង សម្រាប់សង់បង្គន់អនាម័យឲ្យបានសមរម្យ ត្រូវរៀបចំកន្លែងលក់ដូរដល់អជីវករឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយរាប់ទាំងរៀបចំណតយានយន្ត ផ្សាររាត្រី កន្លែងហាត់ប្រាណ ស្ពានតាមច្រាំងទន្លេ និងកន្លែងកម្សាន្តនានាផងដែរ។

តាមការគ្រោងទុកគម្រោងនេះ គឺចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ ២០២១ នេះតទៅ ដែលមានទីតាំងចាប់ពីគល់ស្ពានតាខ្មៅដល់គល់ស្ពានព្រែកសំរោង។ គួរបញ្ជាក់ថា ក្រុមហ៊ុនផ្កាត្រកួននេះបានបោះទុនវិយោគសេវាកម្មទេសចរណ៍ធម្មជាតិលើគំរោងអភិវឌ្ឍន៍ផ្ទៃដីទំហំ ១០០ហិកតា ស្ថិតនៅទីតាំងឃុំស្វាយប្រទាល ស្រុកស្អាង មានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕

ប្រភព៖ ក្រសួងព័ត៌មាន