កម្ពុជារំពឹងថា នឹងទទួលបានប្រេងពីតំបន់អប្សរាប្លុក A ចំនួន ៣០ លានបារ៉ែលក្នុងរយៈពេល ៨ឆ្នាំ ទៅ ៩ឆ្នាំ។ យោងតាមលោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតបានឱ្យដឹងថា បើតាមការប៉ានស្មានរបស់ក្រុមហ៊ុន និងតំបន់អប្សរាប្លុក A កម្ពុជាអាចទទួលបានប្រេងប្រមាណជាង ៣០ លានបារ៉ែលនៅក្នុងកម្រិតបរិមាណផលិតជាមធ្យមចំនួន ៧,៥០០ បារ៉ែលក្នុងមួយថ្ងៃ ហើយប្រសិនបើជាបម្រើការគម្រោងការណ៍ទីមួយនេះល្អ នឹងបន្តទៅទីតាំងគម្រោងបន្តៗទៀត។ លោកបានឱ្យដឹងផងដែរថា គម្រោងផលិតប្រេងកាតនៅប្លុក A គឺស្ថិតនៅដែនសមុទ្យកម្ពុជាដែលមានចម្ងាយប្រមាណ ១៦០ គីឡូម៉ែតពីក្រុងព្រះសីហនុ។
លោកបន្តថា តំបន់អប្សរាទាំងមូល អាចឈានដល់ការបូមប្រេងពីរយៈពេល ៨ឆ្នាំ ទៅ ៩ឆ្នាំ ហើយបរិមាណដែលអាចទទួលបានជាង ៣០ លានបារ៉ែល។ លោកបានបញ្ជាក់ផងដែរថា ប្រេងឆៅនេះអាចយកទៅចម្រាញ់ជា ប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័នLPG ហ្គាស់ និងអាចមានប្រេងកាតខ្លះដែរ ហើយសំណល់ចុងក្រោយអាចយកមកប្រើប្រាស់ដូចជា៖ ធ្វើផ្លូវកៅស៊ូ បំពុងទឹក ដប និងសម្ភារៈជ័រផ្សេងៗដែលធ្វើយ៉ាងណាប្រើប្រាស់ឱ្យអស់ពីលទ្ធភាព។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ បានថ្លែងឱ្យដឹងអំពីការរីករាយ និងជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់គឺតំណក់ប្រេងលើកដំបូងរបស់កម្ពុជាបានដំណើរការបូមដោយជោគជ័យ៕


ប្រភព៖ ក្រសួងព័ត៌មាន


