សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានឲ្យដឹងថា វីរុសកូវីដ-១៩ បានធ្វើឲ្យបំណុលគ្រួសារនៅប្រទេសថៃកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១២ឆ្នាំមកនេះ។ យោងតាមការស្ទង់មតិចុងក្រោយរបស់សាកលវិទ្យាល័យលើអ្នកឆ្លើយសំណួរចំនួន ១,២២៩ នាក់ក្នុងកំឡុងថ្ងៃទី ១៨-២៧ ខែវិច្ឆិកាបានរកឃើញថា ក្នុងឆ្នាំ២០២០ បំណុលគ្រួសារជាមធ្យមមានចំនួន ៤៨៣,៩៥០ បាតក្នុងមួយគ្រួសារ កើនឡើង ៤២.៣% ពី ៣៤០,០៥៣បាត ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ។ ខណៈតួលេខក្នុងខែវិច្ឆិកាឆ្នាំ២០១៩ កើនឡើង ៧.៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨ ហើយក្នុងឆ្នាំ២០០៩ បំណុលគ្រួសារជាមធ្យមមានតែ ១៤៧,៥៤២ បាតក្នុងមួយគ្រួសារប៉ុណ្ណោះ។
ប្រភពដដែលបានឲ្យដឹងថា បំណុលបានកើនឡើងដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងស្រុក ដែលបណ្តាលមកពីជំងឺរាតត្បាត ការចំណាយខ្ពស់ក្នុងការរស់នៅ ការបាត់បង់ការងារ និងប្រាក់ចំណូលទាប។ ការស្ទង់មតិនេះបានរកឃើញថា បំណុលគ្រួសារក៏កើតចេញពីការខ្ចីប្រាក់សម្រាប់ការចំណាយទូទៅដូចជា ប្រាក់កម្ចីសម្រាប់រថយន្ត គេហដ្ឋាន អាជីវកម្ម ការបង់ថ្លៃប័ណ្ណឥណទាន និងការសងបំណុលចាស់។

ជាមួយគ្នានេះដែរ ការស្ទង់មតិនេះក៏បានបង្ហាញផងដែរថា បំណុលជាង ៧០ ភាគរយ គឺជាបំណុលថ្មី ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីវីរុសកូវីដ-១៩។ លើសពីនេះអ្នកចូលរួមបាននិយាយថា ពួកគេអាចខកខានក្នុងការសងប្រាក់កម្ចី ឬ សំណងឥណទាន ៧២% ដោយសារសេដ្ឋកិច្ចដែលខ្សោយ ហើយប្រហែល ៦០ ភាគរយនិយាយថា ប្រាក់ចំណូលរបស់ពួកគេមិនសមមាត្រនឹងការចំណាយ ហើយប្រហែល ៥៥ ភាគរយនិយាយថា ពួកគេរកប្រាក់ចំណូលបានតិចជាងពេលមុន៕



អត្ថបទ៖ លីនី
ប្រភព៖ thaivisa ,bangkokpost


