ជប៉ុន នឹងផ្អាកការចូលរបស់ជនបរទេសទាំងអស់បន្ទាប់ពីការឆ្លងជំងឺកូវីដ-១៩ ទម្រង់ថ្មីកើនឡើងកាន់តែច្រើន
សេដ្ឋកិច្ច January 14, 2021 Chan Sreyny

រដ្ឋាភិបាលជប៉ុន នឹងផ្អាកការចូលរបស់ជនបរទេសទាំងអស់ ដែលជាគោលការណ៍ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះ ខណៈពេលដែលជំងឺកូវីដ-១៩ ឆ្លងរាលដាលពាសពេញពិភពលោក។ រដ្ឋាភិបាល ធ្លាប់បានបន្តអនុញ្ញាតឱ្យអ្នកជំនួញចូលក្នុងប្រទេសជប៉ុនពី ១០ ប្រទេសនៅអាស៊ីរួមទាំង ចិន និងកូរ៉េខាងត្បូង និងតៃវ៉ាន់ បន្ទាប់ពីជំងឺកូវីដ-១៩​ ទម្រង់ថ្មីត្រូវបានគេបានរកឃើញនៅក្នុងប្រទេសមួយចំនួន។។ ប៉ុន្តែរដ្ឋាភិបាល បានសំរេចលើការផ្អាកទាំងស្រុងដោយសារតែជំងឺនេះកំពុងតែរីករាលដាលនៅក្នុងប្រទេសជប៉ុន។ វិធានការណ៍នេះ នឹងបន្តដរាបណាការប្រកាសអំពីភាពអាសន្នមានប្រសិទ្ធិភាព។ សេចក្តីប្រកាស ដែលគ្របដណ្តប់លើខេត្តមួយចំនួន គឺត្រូវបន្តអនុវត្តរហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ។

ទន្ទឹមនឹងនេះ ពលរដ្ឋជប៉ុនអាចត្រឡប់មកប្រទេសជប៉ុនវិញបាន។ ជនបរទេស ដែលមានសិទ្ធរស់នៅក្នុងជប៉ុនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសវិញ ហើយជនបរទេសដែលមានហេតុផលពិសេសដូចជា មកពិធីបុណ្យសពរបស់សាច់ញាតិ ឬការសម្រាលកូនក៏ត្រូវបានអនុញ្ញាតផងដែរ។

អ្នកទាំងនោះត្រូវសន្យាថា នឹងស្នាក់នៅផ្ទះ ឬកន្លែងស្នាក់នៅរយៈពេល ១៤ ថ្ងៃ និងរក្សាទុកព័ត៌មានទីតាំង។ ប្រសិនបើពួកគេរំលោភលើច្បាប់ រដ្ឋាភិបាលនឹងពិចារណាបង្ហាញឈ្មោះរបស់ពួកគេ និងដកហូតសិទ្ធិរស់នៅរបស់ពួកគេ៕

អត្ថបទ៖ នីតា
ប្រភព៖ nhk