ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី៤ នៅលើពិភពលោក ជាប្រទេសដែលបាត់បង់ចំណូលទេសចរណ៍ច្រើនជាងគេបំផុត
សេដ្ឋកិច្ច January 13, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The thaiger បានឲ្យដឹងថា ប្រទេសថៃ គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលខាតបង់ចំណូលទេសចរណ៍ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានការខាតបង់ដល់ទៅ ៣៧.៥០៤ លានដុល្លារអាមេរិក។ ប្រទេសនេះឈរនៅលំដាប់ទី៤ ក្នុងបញ្ជីមួយដែលត្រូវបានបង្កើតដោយក្រុមហ៊ុនផ្លូវការ ESTA ដែលមានបំណងបង្ហាញពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃជំងឺរាតត្បាត Covid-19 មាននៅលើឧស្សាហកម្មទេសចរណ៍ពិភពលោក។ ក្រៅពីប្រទេសថៃ ប្រទេសអាមេរិកក៏ធ្ងន់ធ្ងរដែរ ដោយក្នុងនាមជាប្រទេសដែលមានករណី Covid-19 ច្រើនជាងគេ សហរដ្ឋអាមេរិកបានទទួលរងនូវការធ្លាក់ចុះដ៏ធំបំផុតនៃប្រាក់ចំណូលពីវិស័យទេសចរណ៍ ជាមួយនឹងការខាតបង់សរុបចំនួន ១៤៧.២៤៥ លានដុល្លារ ឈរនៅលំដាប់ទី១។

ជាមួយគ្នានេះ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានភ្ញៀវទេសចរបរទេសតិចជាង ២០ លាននាក់នៅឆ្នាំ ២០២០ ប្រទេសអេស្បាញបានបាត់បង់ប្រាក់ចំណូលធំជាងគេទី២ គឺក្នុងចំនួន ៤៦.៧០៧ លានដុល្លារ។ ខណៈប្រទេសបារាំង ធ្លាប់ជាប្រទេសដែលមានភ្ញៀវទេសចរណ៍ច្រើនជាងគេបំផុតលើពិភពលោកក្នុងមួយឆ្នាំៗ បានបាត់បង់ប្រាក់ចំណូលទេសចរណ៍ដែលបណ្ដាលមកពីវីរុសរាតត្បាតចំនួនសរុប ៤២.០៣៦ លានដុល្លារ ដោយឈរនៅលំដាប់ទី៣។ យ៉ាងណាមិញក្រៅពីប្រទេសដែលបានរៀបរាប់ខាងលើ ក៏នៅមានប្រទេសជាច្រើនទៀត ដែលស្ថិតក្នុងបញ្ជីខាតបង់ដ៏ធំនេះ រួមមាន៖ អាល្លឺម៉ង់ (៣៤.៦៤១ លានដុល្លារ) អ៊ីតាលី (២៩.៦៦៤ លានដុល្លារ) ចក្រភពអង់គ្លេស (២៧,៨៨៩ លានដុល្លារ) អូស្ត្រាលី (២៧.២០៦ លានដុល្លារ) ជប៉ុន (២៦.០២៧ លានដុល្លារ) និងហុងកុង (២៤.០៦៩ លានដុល្លារ)។

គួរបញ្ជាក់ផងដែរថា ការធ្វើដំណើរ និងទេសចរណ៍ គឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មសំខាន់ៗ ដែលត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវីរុស Covid-19។ ផលប៉ះពាល់នេះ បានធ្វើឱ្យប្រទេសជាច្រើនគ្មានជម្រើសក្រៅពីបិទព្រំដែនរបស់ពួកគេចំពោះភ្ញៀវទេសចរ អស់រយៈពេលជាច្រើនខែ ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតពិភពលោក។ ហើយជាលទ្ធផលនៃការហាមឃាត់ការធ្វើដំណើរទាំងនេះ ចំនួនជើងហោះហើរ និងថ្ងៃវិស្សមកាលជាច្រើនត្រូវបានលុបចោលពេញមួយឆ្នាំ២០២០ ដែលធ្វើឱ្យទេសចរណ៍ពិភពលោកធ្លាក់ចុះទាបបំផុត៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger