មន្ទីរកសិកម្មខេត្តកំពង់ធំ បានចងក្រងជាបណ្តុំសហគមន៍កសិករកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី
ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងប្រទេស និងអាចឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផង។ លោក ប៉ែន សុវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបាន ប្រាប់វិទ្យុជាតិកម្ពុជាថា « ក្នុងឆ្នាំ ២០២០ មន្ទីរកសិកម្មខេត្តបានចុះចងក្រងបណ្តុំសហគមន៍ កសិករ កែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឱ្យមានគុណភាព សុវត្ថិភាពខ្ពស់សម្រាប់លក់ចេញទៅបណ្តាខេត្តនៅទូទាំងប្រទេស និងអាចនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុនផង។ លោកបានបន្តថា នេះជារឿងថ្មីមួយសម្រាប់ខេត្តកំពង់ធំ ហើយមន្ទីរបានចុះជួយបណ្តុះបណ្តាលឱ្យពួកគាត់ចេះបច្ចេកទេសក្នុងការកែច្នៃ ការរៀបចំទុកដាក់វេចខ្ចប់ និងជួយរកទីផ្សារជួនកសិករ ហើយពេលថ្មីនេះសហគមន៍បានទំនាក់ទំនងជាមួយនឹងស្ថានទូតជប៉ុន ដើម្បីឱ្យជួយផ្តល់បច្ចេកទេសនៃការកែច្នៃគ្រាប់ស្វាយចន្ទីនេះឱ្យកាន់តែមានស្ដង់ដារខ្ពស់ថែមទៀត »។
លោកបន្តថា « ខ្ញុំគិតថាជារឿងសំខាន់ណាស់ ព្រោះបើសិនជាយើងមិនបានគិតគូរពីបញ្ហាទីផ្សារសម្រាប់ពួកគាត់ទេ គិតថាអ្វីដែលគាត់ផលិតបានអត់មានលទ្ធភាពទេ អ៊ីចឹងទីផ្សារគឺសំខាន់ណាស់គាត់ផលិតគាត់មានទីផ្សារសម្រាប់លក់ ដែលមិនអាចធ្វើឱ្យចាល់នូវផលិតផលរបស់ពួកគាត់ ហើយអ្វីដែលយើងបានគិតគូរ និងបានព្រមព្រៀងគ្នាជាមួយនឹងខាងស្ថានទូតជប៉ុនដែលគាត់បានមកសិក្សា ហើយខ្ញុំគិតថាជាឱកាសល្អបំផុត សម្រាប់សហគមន៍ផលិតស្វាយចន្ទីនេះហើយនឹងធ្វើឱ្យប្រជាជននៅជប៉ុន ក៏ដូចជាប្រជាជននៅបណ្ដាប្រទេសផ្សេងទៀតលើសកលលោក ស្គាល់រសជាតិស្វាយចន្ទីរបស់ខេត្តកំពង់ធំ » ។

លោកបានបន្ថែមថា « បើសិនជាគ្មានអ្វីប្រែប្រួលទេ មន្ទីរកសិកម្មខេត្តរួមទាំងបណ្តុំសហគមន៍ កសិករកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី នឹងចុះហត្ថលេខាជាមួយអង្គការ JICA នៅក្នុងខែកុម្ភៈ ខាងមុខនេះសម្រាប់ឱ្យពួកគាត់ផលិតតាមស្តង់ដាររបស់ប្រទេសជប៉ុន ដើម្បីនាំយកផលិតផលនេះទៅលក់នៅប្រទេសជប៉ុន »។

សូមបញ្ជាក់ថា សព្វថ្ងៃនេះ ការដាំដុះគ្រាប់ស្វាយចន្ទីក្នុងខេត្តកំពង់ធំគ្របដណ្ដប់លើផ្ទៃដីចំនួន ៨ម៉ឺនហិកតា ក្នុងនោះបណ្តុំសហគមន៍កសិករកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីមាន ៤ សហគមន៍ស្មើនឹង ៣៣៥គ្រួសារ ដែលស្ថិតនៅស្រុកប្រាសាទបល្ល័ង្ក ស្រុកសន្ទុក និងស្រុកកំពង់ស្វាយ៕

ប្រភព៖ ក្រសួងព័ត៌មាន


