កម្មករនិយោជិតចំនួន ២,៣២៨ នាក់ នៃរោងចក្រ សហគ្រាសទាំង២៧ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្រប តាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល នឹងបន្តទទួលបានប្រាក់ឧបត្ថម្ភលើកទី៤៦ ហើយធនាគារ ឯកទេសវីងនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទដែលបងប្អូនបានផ្តល់មកឱ្យក្រសួង តាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថាប្រាក់ ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន ៦០ ០០០ រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ ។ ១២០ ០០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ និង១៦០ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។

សូមបញ្ជាក់ថា សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងាររយៈពេល ២ខែ ប្រាក់ឧបត្ថម្ភនឹងត្រូវបើកជា ២លើកដោយលើកទី២ នឹងបើកនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ហើយមិនតម្រូវឱ្យបង់ថ្លៃសេវាឡើយ ពេលបើកប្រាក់ឧបត្ថម្ភនេះ។ ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង២៧នេះ មិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីង នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន៕



ប្រភព៖ ក្រសួងព័ត៌មាន


