អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមដំណើរការកែលម្អសោភណ្ឌភាពមុខព្រះលានជល់ដំរីពីផ្លូវកៅស៊ូក្លាយជាផ្លូវថ្មើរជើងដោយដាំស្មៅ និងដើមឈើដើម្បីវិលរកលក្ខណៈដើម
សេដ្ឋកិច្ច January 13, 2021 Chan Sreyny

អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ បានចាប់ផ្តើមការងារកែលម្អសោភណ្ឌភាព នៅមុខព្រះលានជល់ដំរី ដែលកិច្ចការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងលើកតម្កើងតម្លៃនៃមរតកដូនតាខ្មែរ។ លោក យិត ចាន់ដារ័ត្ន អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ថា « ការកែលម្អនៅបរិវេណមុខព្រះលានជល់ដំរីនេះ អ្នកជំនាញអាចនឹងប្រើពេល ៦ខែ ដោយក្រុមការងារនឹងប្រែក្លាយផ្លូវកៅស៊ូដែលនៅជាប់នឹងព្រះលានជល់ដំរីឲ្យក្លាយជាផ្លូវថ្មើរជើងដោយមានដាំស្មៅ និងដើមឈើដើម្បីបង្កើនសោភណ្ឌភាពនៅបរិវេណនេះឲ្យវិលរកលក្ខណៈដើម និងភាពស្រស់បំព្រង។ ក្នុងនោះដែរប្រជាពលរដ្ឋដែលធ្វើដំណើដោយយានយន្តពួកគាត់នឹងត្រូវបង្វែរឲ្យធ្វើដំណើរនៅលើផ្លូវប្រាសាទសួរព្រ័ត »។

លោក យិត ចាន់ដារ័ត្ន បានមានប្រសាសន៍បន្ថែមថា ការកែលម្អនេះដែរធ្វើឡើងតាមឯកសារប្រវត្តិសាស្ត្រដែលបានបង្ហាញថា នៅមុនឆ្នាំ ១៩០៩ នៅមុខព្រះលានជល់ដំរីនេះមិនមានផ្លូវធ្វើដំណើរទេ ទើបមកដល់ឆ្នាំ ១៩១២ គេឃើញមានស្លាកស្នាមផ្លូវមួយខ្សែដែលនៅប្របប្រាសាទសួរព្រ័ត ចំណែកផ្លូវដែលនៅជាប់នឹងព្រះលានជល់ដំរីនោះគឺមិនទាន់ឃើញមាននោះទេ។

សូមបញ្ជាក់ថា ជាមួយគម្រោងកែលម្អនេះ នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ អាជ្ញាធរជាតិអប្សរាបានចេញលិខិតជូនដំណឹងដល់អ្នកទេសចរ ក៏ដូចជាប្រជាពលរដ្ឋស្តីពីការបិទផ្លូវកៅស៊ូមុខព្រះលានជល់ដំរីចាប់ពីចំណុចខាងជើងប្រាសាទបាយ័នដល់ចំណុចផ្លូវបំបែកខាងជើងព្រះពន្លាស្តេចគម្លង់ ដោយមិនអនុញ្ញាតឲ្យធ្វើដំណើរចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងសេចក្តីជូនដំណឹងនេះ អាជ្ញាធរជាតិអប្សរា ក៏បានជម្រាបជូនសាធារណៈជនអាចធ្វើដំណើរបានតាមផ្លូវកៅស៊ូថ្មីដែលនៅប្របនឹងប្រាសាទសួរព័ត្រវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន