ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃច័ន្ទ បានពង្រីកការបិទព្រំដែនរបស់ខ្លួនដល់ជនបរទេសរយៈពេល ២ សប្តាហ៍ទៀតរហូតដល់ថ្ងៃទី ២៨ ខែមករា ដោយសារការភ័យខ្លាចចំពោះការឆ្លងជំងឺ Covid-19 ខណៈពេលដែលទីភ្នាក់ងារត្រួតពិនិត្យឱសថរបស់ខ្លួនបានអនុម័តការប្រើប្រាស់វ៉ាក់សាំងការពារជំងឺ Covid-19 CoronaVac របស់ចិនៅក្នុងប្រទេសជាបន្ទាន់។ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានយល់ព្រមពង្រីកការហាមឃាត់ជនបរទេសពីការចូលប្រទេសឥណ្ឌូនេស៊ីសម្រាប់រយៈពេល ១៤ ថ្ងៃ នេះបើយោងតាមសម្តីរបស់លោក Airlangga Hartarto រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី។
កាលពីខែមុន រដ្ឋាភិបាលបានរារាំងភ្ញៀវទេសចរបរទេសទាំងអស់លើកលែងតែមន្រ្តីរដ្ឋាភិបាលថ្នាក់រដ្ឋមន្រ្តី និងអ្នកស្នាក់នៅរយៈពេលវែងពីការចូលទៅក្នុងប្រទេសព្រោះវាព្យាយាមទប់ស្កាត់ការឆ្លងជំងឺ covid-19 ដែលអាចចម្លងបានកាន់តែច្រើន។

ប្រធានទីភ្នាក់ងារត្រួតពិនិត្យឱសថ និងស្បៀងអាហារលោក Penny Lukito បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា « វ៉ាក់សាំង CoronaVac អាចត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ដោយផ្អែកលើទិន្នន័យ និងយោងទៅលើគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោកនៃតម្រូវការ ដើម្បីអនុម័តការអនុញ្ញាតឱ្យប្រើប្រាស់គ្រាអាសន្នសម្រាប់វ៉ាក់សាំងការពារជំងឺ Covid-19 »។

លោកបន្តថា « វ៉ាក់សាំងនេះ ត្រូវបានផលិតដោយក្រុមហ៊ុន Sinovac Biotech Inc ដោយសហការជាមួយក្រុមហ៊ុនឱសថឥណ្ឌូនេស៊ី PT Bio Farma ជាវ៉ាក់សាំងការពារជំងឺ Covid-19 ដំបូងដែលត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់ដោយប្រទេសឥណ្ឌូនេស៊ី »។

ទន្ទឹមនឹងនេះ បុគ្គលិកសុខាភិបាលប្រហែល ១.៣ លាននាក់នៅទូទាំងប្រទេសឥណ្ឌូនេស៊ីនឹងស្ថិតនៅក្នុងបញ្ជីអាទិភាពដែលត្រូវចាក់វ៉ាក់សាំងដោយប្រធានាធិបតីឥណ្ឌូនេស៊ីគ្រោងនឹងចាក់លើកដំបូងនៅថ្ងៃពុធ នេះបើយោងតាមរដ្ឋមន្រ្តីសុខាភិបាលលោក Budi Sadikin ។

លើសពីនេះទៅទៀត រដ្ឋមន្រ្តីក្រសួងសុខាភិបាលរំពឹងថា ការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនចំនួន ២៧០ លាននាក់របស់ប្រទេសនេះនឹងត្រូវបញ្ចប់ក្នុងរយៈពេល ១៥ ខែ។ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃចន្ទ ទី ១១ ខែមករា ឥណ្ឌូនេស៊ីបានកត់ត្រាករណីឆ្លងចំនួន ៨៣៦,៧១៨ ករណីជាមួយនឹងការស្លាប់ចំនួន ២៤,៣៤៣ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews


