អូស្ត្រាលី ចូលរួមវិភាគទានជិត ៨០ លានដុល្លារដល់សកម្មភាពបោសសំអាតមីននៅកម្ពុជាក្នុងរយៈពេលជិត ៣ ទសវត្ស
សេដ្ឋកិច្ច January 12, 2021 Chan Sreyny

យោងតាមស្ថានទូតអូស្រ្តាលីប្រចាំនៅទីក្រុងភ្នំពេញបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ១៩៩៤ មកអូស្ត្រាលីបានចូលរួមវិភាគទានជាង ១០០ លានដុល្លារអូស្រ្តាលី (ជិត ៨០ លានដុល្លារ) ដល់សកម្មភាពដោះមីននៅកម្ពុជា។ តួលេខនេះ ត្រូវបានចែករំលែកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រចាំឆ្នាំនៃគម្រោង Clearing for Results Project ក្រោមអធិបតីភាពរបស់ឯកឧត្ដម លី ធុច ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទីមួយនៃអាជ្ញាធរមីន និងអាជ្ញាធរជួយជនរងគ្រោះដោយសារគ្រាប់មីន។ ឯកឧត្ដម David Bloch អនុប្រធានស្តីទីបានប្រកាសនៅក្នុងកិច្ចប្រជុំថា « នៅឆ្នាំនេះ រដ្ឋាភិបាលអូស្រ្តាលីនឹងផ្តល់វិភាគទានបន្ថែមចំនួន ១ លានដុល្លារអូស្រ្តាលីបន្ថែមទៀត ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីននៅកម្ពុជា »។

ថវិកានេះ នឹងជួយបង្កើនតំបន់ដែលអាចបោសសម្អាតមីនបាន ដែលធ្វើឱ្យជីវិតប្រជាជនកម្ពុជាមានសុវត្ថិភាព និងការបញ្ចោញដីសម្រាប់ការប្រើប្រាស់ដែលមានផលិតភាពដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ សហគមន៍ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍រួមមាន៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), អូស្រ្តាលី និងនូវែលសេឡង់បានកោតសរសើរយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការសម្រេចបានគោលដៅក្នុងការក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០៣០ ។

គួរឱ្យដឹងផងដែរថា កាលពីឆ្នាំមុនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជិត ៤០,០០០គ្រាប់ ដូច្នេះបានសម្អាតផ្ទៃដីដែលមានមីនចំនួន ៩,២០០ហិកតា ឬ ១១៥% នៃផែនការប្រចាំឆ្នាំ៕

ប្រភព៖ ក្រសួងព័ត៌មាន