ស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជនៅខេត្តស្ទឹងត្រែងសាងសង់បាន ២០% ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១
សេដ្ឋកិច្ច January 12, 2021 Chan Sreyny

ស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជនៅខេត្តស្ទឹងត្រែង ដែលមានទំហំផ្ទៃដីជាង ១០ហិកតា សាងសង់សម្រេចបាន ២០% ហើយដោយគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១ នេះ។ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ស្ថានីយនេះត្រូវចំណាយថវិកាសាងសង់ ដោយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣ ចំនួនប្រមាណ ១លានដុល្លារ។ ក្នុងសកម្មភាពចុះពិនិត្យស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជនៅចំណុចអូរខ្លុង ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១១ ខែមករា ឯកឧត្តម ឡូយ សូផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងមានប្រសាសន៍ថា« នៅពេលបង្កើតបានស្ថានីយនេះ ក្រសួងអាចផ្ទេរបច្ចេកទេសដល់កសិករទាំងការផលិតកូនត្រី ក៏ដូចជាការចិញ្ចឹមត្រីសាច់ដោយផ្តោតជាសំខាន់ទៅលើការបណ្តុះបណ្តាលយកសិករធ្វើជាគ្រូបង្គោល និងជាភ្នាក់ងារផ្សព្វផ្សាយវារីវប្បកម្មឱ្យអនុវត្តច្រើននៅតាមមូលដ្ឋាន »។

ឯកឧត្តមអ្នកតំណាងរាស្ត្រមានប្រសាសន៍បន្ថែមថា « មួយផ្នែកទៀត ខណ្ឌជលផលខេត្តអាចមានលទ្ធភាពជួយកែប្រែកសិករ និងអ្នកនេសាទដែលធ្លាប់តែពឹងផ្អែកលើធនធានមច្ឆជាតិឱ្យក្លាយទៅជាកសិករចិញ្ចឹមត្រីវិញ សម្រាប់ពង្រីកបរិមាណត្រីចិញ្ចឹមយកទៅផ្គត់ផ្គង់នៅទីផ្សារ និងទប់ស្កាត់ការដឹកជញ្ជូនត្រីដែលនាំចូលពីបរទេសបានថែមទៀត »។

លោក ទំ នីរ៉ូ ប្រធានខណ្ឌជលផលស្ទឹងត្រែងបានទទួលស្គាល់ថា ជាមួយនឹងការពង្រីកបរិមាណត្រីចិញ្ចឹមនេះ យើងបានបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផលទៅតាមច្បាប់ស្តីពីជលផល ដើម្បីកាត់បន្ថយដល់ការធ្វើនេសាទហួសកំរិត។

លោកបន្តថា នៅពេលស្ថានីយនេះដំណើរការខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងអាចផ្គត់ផ្គង់កូនត្រីសម្រាប់កសិករនៅតាមបណ្តាខេត្តភូមិភាគឦសាន្ត យកទៅចិញ្ចឹមតាមផែនការក្នុងការផលិតត្រីសាច់និងបានភ្ញាស់ពូជត្រីសំខាន់ៗផ្សេងៗទៀតឱ្យបានច្រើនប្រភេទ។

សូមបញ្ជាក់ថា ស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជប្រចាំខេត្តស្ទឹងត្រែងនេះបានចំណាយថវិកាសាងសង់ប្រមាណ ១លានដុល្លារ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១ ដែលនឹងធ្វើឱ្យខេត្តស្ទឹងត្រែងក្លាយជាម្ចាស់ក្នុងការផលិតកូនត្រី និងធ្វើជាអ្នកចែកចាយពូជកូនត្រីទៅវារីវប្បកម្មជាលក្ខណៈគ្រួសារ និងទៅតាមបណ្តាខេត្ត និងទៅប្រទេសជិតខាងវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន