វៀតណាមនឹងកំណត់ជើងហោះចូលមកក្នុងប្រទេសចាប់ពីពេលនេះ រហូតដល់ផុតពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលវីរុស​ Covid-19
សេដ្ឋកិច្ច January 11, 2021 Khmernote

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រទេសវៀតណាមនឹងកំណត់ជើងហោះហើរដែលដឹកពលរដ្ឋទៅស្រុកកំណើតវិញចាប់ពេលនេះទៅ រហូតដល់ចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលវីរុស​ Covid-19។ លោកនាយករដ្ឋ​មន្រ្តីបានបន្តថា ស្របពេលដែលពិភពលោកកំពុងត្រូវបានរាតត្បាតដោយវីរុស Covid-19 និង Covid-19 ទម្រង់ថ្មី ជាមួយនឹងថ្ងៃចូលឆ្នាំថ្មីដែលជា ថ្ងៃឈប់សម្រាកសំខាន់បំផុតនាពេលខាងមុខ ក្នុងប្រទេសមានតែការហោះហើរចាំបាច់ដែលត្រូវបានយល់ព្រមដោយក្រសួងសុខាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ សន្តិសុខសាធារណៈ និងក្រសួងដឹកជញ្ជូនដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសប៉ុណ្ណោះ។

យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តីបានបន្តថាឲ្យដឹងថា បន្ទាប់ពីថ្ងៃចូលឆ្នាំថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ក្រសួងដឹកជញ្ជូននឹងសិក្សាពីលទ្ធភាពនៃការចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ។ គួរម្លឹកផងដែរថា ប្រទេសវៀតណាមបានផ្អាករាល់ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិក្នុងប្រទេសចាប់តាំងពីចុងខែមីនា ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងប្រតិបត្តិការជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ ដើម្បីនាំពលរដ្ឋវៀតណាមដែលជាប់គាំងនៅបរទេសពេលវីរុសកំពុងរាតត្បាត។

ក្នុងនោះជើងហោះហើរពិសេសមួយចំនួនដែលដឹកអ្នកជំនាញ និងវិនិយោគិនបរទេស ត្រូវបានអនុញ្ញាតឱ្យហោះហើរចូលប្រទេសវៀតណាម ខណៈប្រជាជនទាំងអស់ដែលចូលក្នុងប្រទេសត្រូវចំណាយពេល ១៤ ថ្ងៃក្នុងការដាក់ឱ្យនៅដាច់ពីគេ។ ជាមួយគ្នានេះប្រទេសវៀតណាមកាលពីថ្ងៃអង្គារ ទី ៥ ខែមករា បានផ្អាកជើងហោះហើរពីប្រទេសដែលផ្ទុះវីរុស Covid-19 ទម្រង់ថ្មីដំបូងគេ គឺអង់គ្លេស និងអាហ្វ្រិកខាងត្បូង៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia