ដើម្បីស្ដា​រវិស័យទេសចរណ៍ឡើងវិញ ក្រសួងទេសចរណ៍ ត្រៀមរៀបចំកញ្ចប់ទស្សនកិច្ច Travel Bubble ជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងជាមួយប្រទេសចិន ជប៉ុន កូរ៉េ ក្នុងពេលដ៏ខ្លីខាងមុខនេះ
សេដ្ឋកិច្ច January 11, 2021 Khmernote

ដូចដែលយើងបានដឹងស្រាប់ហើយវីរុសរាតត្បាត Covid-19 បានវាយលុកយ៉ាងខ្លាំងលើវិស័យទេសចរណ៍នៅទូទាំងពិភពលោក ហើយសម្រាប់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជាយើងក៏រងគ្រោះធ្ងន់ធ្ងរដែរ។ ជាមួយគ្នានេះ ដើម្បីកែប្រែ និងស្តារវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩ ក្រសួងទេសចរណ៍មានផែនការត្រៀមរៀបចំកញ្ចប់ទស្សនកិច្ច Travel Bubble ជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងជាមួយប្រទេសចិន ជប៉ុន កូរ៉េ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ផែនការនេះដែរត្រូវបានបង្ហាញនូវក្នុងកិច្ចប្រជុំដែលធ្វើឡើងនារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលដឹកនាំដោយ ឯកឧត្តមណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយក្រុមការងារជំនាញ។

កិច្ចប្រជុំនេះ បានរៀបចំឡើងដើម្បីរិះរកយុទ្ធសាស្ត្រដោះស្រាយបញ្ហាប្រឈមនានា ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះអង្គប្រជុំបានប្រកាសអំពីសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព និងភារកិច្ចអនុក្រុមការងារ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ជំហានទី១ ចំណុះឱ្យក្រុមការងារជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ក្នុងនោះផងដេរថា បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញរួចមក អង្គប្រជុំបានពិភាក្សា និងទទួលបានអនុសាសន៍គន្លឹះមួយចំនួនពីឯកឧត្តមបណ្ឌិត ថោង ខុន និងថ្នាក់ដឹកនាំ ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖* ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ * ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ សម្រាប់ការរៀបចំព្រឹត្តិការណ៍នៅតាមគោលដៅទេសចរណ៍ទូទាំងប្រទេសកម្ពុជា។ * បច្ចុប្បន្នភាពនៃការងាររៀបចំ Travel Bubble។

គួរបញ្ជាក់ឲ្យដឹងថា នាពេលកន្លងមកឯកឧត្តមបណ្ឌិត ថោង ខុន បានខិតខំប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាឱកាសក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈផែនទីចង្អុលផ្លូវក្នុងការស្តារវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩ និងផែនការត្រៀមរៀបចំកញ្ចប់ទស្សនកិច្ច Travel Bubble ជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងជាមួយចិន ជប៉ុន កូរ៉េ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

អត្ថប​ទ៖ លីនី