រដ្ឋាភិបាលថៃទម្លាក់ថវិកាបន្ថែមជាង ១៥២លានដុល្លារដល់ក្រសួងសុខាភិបាល ដើម្បីទប់ទល់នឹងវីរុស Covid-19 ដែលកំពុងរាតត្បាត
សេដ្ឋកិច្ច January 9, 2021 Khmernote

ក្រសួងសុខាភិបាលថៃទទួលបានថវិកាបន្ថែមចំនួន ៤.៦៦ ពាន់លានបាត (ប្រមាណជាង ១៥២លានដុល្លារអាមេរិក) ពីរដ្ឋាភិបាល សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃវីរុស Covid-19 ដែលកើនឡើងរាល់ថ្ងៃ។ អ្នកនាំពាក្យរដ្ឋាភិបាលអ្នកនាង Traisuree Taisaranakul បានប្រកាសពីការបែងចែកថវិកាបន្ថែមនេះកាលពីសុក្រ ដោយក្នុងនោះអ្នកនាងបានបញ្ជាក់ថា ថវិកាដែលទទួលបានពីថវិកាសារពើពន្ធ អាចជួយក្រសួងឆ្លើយតបចំពោះការផ្ទុះឡើងចុងក្រោយនេះបានទាន់ពេលវេលា។ ជាក់ស្ដែងស្ទើរតែពាក់កណ្តាលនៃថវិកា នឹងត្រូវបានបម្រុងទុកសម្រាប់ការទិញឧបករណ៍វេជ្ជសាស្រ្តសម្រាប់មន្ទីរពិសោធន៍ និងសម្រាប់គ្រូពេទ្យស្ម័គ្រចិត្ត ខណៈចំនួនដែលនៅសល់នឹងផ្តល់ប្រាក់ឧបត្ថម្ភហានិភ័យ និងការបង់ប្រាក់បន្ថែមម៉ោងសម្រាប់អ្នកស្ម័គ្រចិត្ត រួមទាំងបុគ្គលិកសុខាភិបាល។

យោងតាមអ្នកស្រី Traisuree Taisaranakul អ្នកស្ម័គ្រចិត្តសុខភាពនិងបុគ្គលិកពេទ្យ គឺជាជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ដែលឥឡូវនេះបានរាលដាលដល់ ៥៧ ខេត្តនៅទូទាំងប្រទេស។ ប៉ុន្តែទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ មិនបានឲ្យដឹងថា តើពេលនៅពេលណាការផ្ដល់ថវិកាបន្ថែមនេះត្រូវបានអនុម័តនោះទេ។

គួរឲ្យដឹងថា​ លោកស្រី Traisuree បាននិយាយថា ការផ្តល់ថវិកាបន្ថែមនេះនឹងជួយរក្សាទំនុកចិត្តសាធារណៈជនថារដ្ឋាភិបាលមានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីដោះស្រាយជំងឺរាតត្បាតនេះ។ ខណៈកាលពីថ្ងៃសុក្រម្សិលមិញនេះរដ្ឋភិបាលថៃ បានរាយការណ៍ថាមានករណីថ្មីចំនួន ២០៥ ករណី ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបឡើងដល់ចំនួន ៩,៨៤១ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦៧ នាក់៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost