ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើការពិនិត្យនិងពិចារណាក្នុងការផ្អាកជាបណ្តោះអាសន្ន នូវការនាំចូលផលិតផលជលផល ដែលវារីវប្បករក្នុងស្រុកអាចផលិតបានដូចជា៖ ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោជាដើម ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលវារីវប្បកម្មនាពេលបច្ចុប្បន្ននិងរួមចំណែកជំរុញការផលិតក្នុងស្រុកឱ្យបានខ្លាំងក្លា និងឈានទៅរកការនាំចេញនាពេលខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ។
គួរបញ្ជាក់ផងដែរថា ការផ្អាកការនាំចូលផលិតផលជលផលខាងលើ បានធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ ២០១៨-២០១៩ នៅវិទ្យាស្ថានជាតិអប់រំ និងថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករវារីវប្បករនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីទឹកសាបបាទីខេត្តព្រៃវែង ដែលសម្តេចតេជោបានណែនាំហើយណែនាំទៀតឱ្យប្រើប្រាស់ឱកាសមាសក្នុងការដាំដុះចិញ្ចឹមត្រី និងសត្វដើម្បីឈានទៅដល់ការកាត់បន្ថយការនាំចូល និងផ្អែកតាមសំណូមពររបស់សមាគមវារីវប្បករនៅកម្ពុជាផងនោះ៕


ប្រភព៖ ក្រសួងព័ត៌មាន


