មន្ត្រីគណៈកម្មការសុខភាពជាតិចិន៖ ប្រជាជនមិនចាំបាច់បង់ប្រាក់សូម្បីតែមួយសេនសម្រាប់ការចាក់វ៉ាក់សាំង
សេដ្ឋកិច្ច January 9, 2021 Chan Sreyny

ប្រទេសចិន នឹងផ្តល់វ៉ាក់សាំងការពារជំងឺ Covid-19 ដោយមិនគិតថ្លៃនៅពេលដែលវ៉ាក់សាំងអាចប្រើបានសម្រាប់សាធារណៈជនទូទៅ។ មន្ត្រីគណៈកម្មការសុខភាពជាតិចិនលោក Zheng Zhongwei បានមានប្រសាសន៍ថា « ខណៈពេលដែលការផលិត និងការដឹកជញ្ជូនវ៉ាក់សាំងមានការចំណាយ ដូច្នេះរដ្ឋាភិបាលនឹងផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃដល់ប្រជាជន »។ លោក Zheng បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា « ប្រជាជនរបស់យើង មិនចាំបាច់បង់ប្រាក់សូម្បីតែមួយសេនសម្រាប់វ៉ាក់សាំងនេះទេ »។

កាលពីចុងខែធ្នូ ចិនបានអនុម័តវ៉ាក់សាំងដំបូងរបស់ខ្លួនសម្រាប់ការប្រើប្រាស់ទូទៅ។ វ៉ាក់សាំងចំនួន ៣ ត្រូវបានផ្តល់ទៅក្រុមដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះដូចជាបុគ្គលិកពេទ្យជាដើមតាមរយៈកម្មវិធីប្រើប្រាស់បន្ទាន់។

ចិន បានពង្រីកគ្រោងការណ៍នៃការចាក់ថ្នាំបង្ការជំងឺ Covid-19 នៅពាក់កណ្តាលខែធ្នូ ដល់ក្រុមសំខាន់ៗជាច្រើនទៀតដូចជា៖ និយោជិកក្នុងវិស័យចំណីអាហារ និងដឹកជញ្ជូនសាធារណៈក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការកើតឡើងជាថ្មីនៅរដូវរងារ និងរដូវផ្ការីក។

ទន្ទឹមនឹងនេះ មន្ត្រីគណៈកម្មាធិការសុខភាពជាតិលោក Zeng Yixin បាននិយាយថា « ការចាក់វ៉ាក់សាំងទាំងនោះ ក៏មិនគិតថ្លៃសម្រាប់បុគ្គលណាមួយដែរ »។ លោក Zeng Yixin បានប្រាប់សន្និសីទកាសែតថា « យើងបានរកឃើញថា រដ្ឋាភិបាលក្នុងតំបន់មួយចំនួនបានគិតថ្លៃលើការចាក់វ៉ាក់សាំង ហើយយើងទាមទារឱ្យមានការកែតម្រូវជាបន្ទាន់ »។

គួរឱ្យដឹងផងដែរថា ប្រទេសចិនបានផ្តល់នូវវ៉ាក់សាំងការពារជំងឺ Covid-19 ដល់ប្រជាជនជាង ៩ លាននាក់ ក្នុងចំណោមនោះមានជាង ៧ លាននាក់ត្រូវបានចាក់វ៉ាក់សាំងចាប់តាំងពីពាក់កណ្តាលខែធ្នូ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia