ថ្វីត្បិតការផលិតអំបិលតាមសហគមន៍នីមួយៗធ្វើមិនបានគ្រប់ផ្ទៃដីនៃផែនការ ប៉ុន្តែទិន្នផលដែលទទួលបានប្រចាំឆ្នាំមិនបានថយចុះនោះទេ ហើយអំបិលដែលផលិតបានក៏អាចផ្គត់ផ្គង់ដល់ពលរដ្ឋនៅទូទាំងប្រទេសបានគ្រប់គ្រាន់ផងដែរ។ នេះជាការលើកឡើងរបស់លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពតនៅព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១។ លោកបានបញ្ជាក់ថា ផ្ទៃដីសម្រាប់ផលិតអំបិលមានសរុប ៣,៧២១.០២ហិកតា មានក្រុមផលិត ១៧៩ក្រុម ប៉ុន្តែក្នុងឆ្នាំ ២០២០ យើងផលិតបានត្រឹម ២,៨៥៧.២៣ហិកតា និងមានក្រុមផលិតតែ ១៣៩ក្រុម ដោយទទួលបានទិន្នផលសរុប ៨៣,៩៦៩.០៦៣តោន ដោយយើងបានលក់ចែកចាយជាបន្តបន្ទាប់ហើយក៏បានស្តុកទុកអំបិលនៅក្នុងឃ្លាំងចំនួន ១២,៦០១.៥៧៣តោន ផងដែរ។
លោក សុខ គឹមជឿន បានឱ្យដឹងទៀតថា ក្នុងចំណោមផ្ទៃដីផលិតអំបិលសរុបខាងលើយើងបានបែងចែកជា ៦មណ្ឌល រួមមាន៖ ទី១-មណ្ឌលបឹងរូង១ ,ទី២-មណ្ឌលបឹងរូង២ ,ទី៣-មណ្ឌលសេះស, ទី៤-មណ្ឌលបឹងទូក, ទី៥-មណ្ឌលត្រើយកោះ និង ទី៦-មណ្ឌលកំពង់ត្រាច។

លោកបានបន្ថែមថា ក្នុងឆ្នាំ ២០២០ បើទោះជាការផលិតអំបិលមិនបានគ្រប់ទំហំផ្ទៃដីសរុបក៏ពិតមែន តែទិន្នផលអំបិលមានការកើនឡើងលើសពីឆ្នាំ ២០១៩ ហើយការផលិតអំបិលនេះគឺសម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារទូទាំងប្រទេសដោយពុំមានការខ្វះខាត ថែមទាំងបានស្តុកទុកក្នុងឃ្លាំងដើម្បីត្រៀមបង្ការផ្គត់ផ្គង់បន្ត ដោយមិនបានទិញពីប្រទេសជិតខាងមកស្តុកទុកនោះឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន


