ថៃ នឹងខាតបង់ទឹកប្រាក់ជិត ៣០ លានដុល្លារពីការហាមឃាត់លក់គ្រឿងស្រវឹងតាមភោជនីយដ្ឋាន និងកន្លែងកម្សាន្ដផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19
សេដ្ឋកិច្ច January 8, 2021 Chan Sreyny

រដ្ឋាភិបាលថៃ ហាមឃាត់ការផឹកភេសជ្ជៈមានជាតិអាល់កុលនៅភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗចាប់ពីថ្ងៃទី ៤ ខែមករា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលត្រូវបានប៉ាន់ប្រមាណថានឹងជះឥទ្ធិពលដល់សហគ្រិន និងនិយោជិកជាង ១ លាននាក់ និងធ្វើឲ្យ ខាតបង់ទឹកប្រាក់ ៩ ពាន់លានបាត (ជិត ៣០ លានដុល្លារ) នេះបើយោងតាមអគ្គលេខាធិការនៃសមាគមអាជីវកម្មភេសជ្ជៈជាតិថៃ (TABBA) លោក Thanakorn Kuptajit ។

លោក Thanakorn Kuptajit បាននិយាយថា « រដូវដែលលក់ភេសជ្ជៈមានជាតិអាល់កុលគឺនៅចន្លោះខែធ្នូ និងមេសាហើយការហាមឃាត់នេះអាចបណ្តាលឱ្យខាតបង់ចំណូល ៣០% ឬ ៩ ពាន់លានបាតនៅក្នុងឧស្សាហកម្មទាំងមូល ខណៈពេលដែលតម្លៃទីផ្សារសរុបអាចធ្លាក់ចុះដល់ ៣០០ ពាន់លានបាតប្រសិនបើការហាមឃាត់រហូតដល់ចុងឆ្នាំ ២០២១ »។

លោក Thanakorn បានបន្តថា « តម្លៃទីផ្សារសរុបនៃឧស្សាហកម្មភេសជ្ជៈមានជាតិអាល់កុលនៅដំណាច់ឆ្នាំ ២០១៨ ត្រូវបានកត់ត្រាក្នុងតម្លៃ ៣៧០ ពាន់លានបាត ចំនួននេះគ្របដណ្តប់ទាំងភេសជ្ជៈក្នុងស្រុក និងនាំចូល »។

លោក Thanakorn បន្ថែមថា « បម្រាមនេះ នឹងជះឥទ្ធិពលមិនត្រឹមតែទៅលើម្ចាស់អាជីវកម្មប៉ុណ្ណោះទេ ថែមទាំងនិយោជិក និងក្រុមគ្រួសាររបស់ពួកគេដែលពឹងផ្អែកលើប្រាក់ចំណូលពីកន្លែងទាំងនេះ សមាគមប៉ាន់ស្មានថាមនុស្សជាងមួយលាននាក់អាចរងផលប៉ះពាល់ »។

ទន្ទឹមនឹងនេះ ដោយភ័យខ្លាចថា អ្នកលក់គ្រឿងស្រវឹងជាច្រើននឹងត្រូវបង្ខំចិត្តឈប់ធ្វើជំនួញជាមួយនឹងបណ្តាញលក់របស់ពួកគេទាំងតាមអ៉ីនធឺណេត និងនៅតាមភោជនីយដ្ឋានដែលត្រូវបានហាមឃាត់។ លោក Thanakorn បាននិយាយថា « ប្រសិនបើការហាមឃាត់ការផឹកនៅភោជនីយដ្ឋានមិនអាចត្រូវបានលុបចោលទេនោះ យ៉ាងហោចណាស់រដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យលក់គ្រឿងស្រវឹងតាមអ៉ីនធឺណេត »។

គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលថៃបានហាមឃាត់ការលក់ស្រាតាមបណ្តាញអ៉ីនធឺណេតដែលកាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០ ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand