យោងតាមសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបានឲ្យដឹងថា សេដ្ឋកិច្ចអាចនឹងខាតបង់រហូតដល់ ៣០០ពាន់លានបាត (ប្រមាណ ៩.៩៧ ពាន់លានដុល្លារ) ក្នុងត្រីមាសទី១ បន្ទាប់ពីការផ្ទុះឡើងជាថ្មីនៃវីរុស Covid-19 ទ្រង់ទ្រាយធំបំផុត ដែលបានធ្វើឲ្យអារម្មណ៍អតិថិជនធ្លាក់ចុះដល់ទៅ ៥ ខែគិតត្រឹមខែធ្នូ។ ការស្ទង់មតិរបស់សាកលវិទ្យាល័យបានបង្ហាញថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣ ខែដល់ ៥០.១ នៅក្នុងខែធ្នូ ពី ៥២.៤ ក្នុងខែវិច្ឆិកា នៅពេលដែលការរីករាលដាលថ្មីត្រូវបានរកឃើញ ហើយខណៈអតិថិជនបារម្ភថា ការធ្លាក់ចុះកាន់តែខ្លាំងឡើង នឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងការងារ។
ប្រធានសាកលវិទ្យាល័យលោក Thanavath Phonvichai បានប្រាប់សន្និសីទកាសែតថា៖ « ប្រសិនបើស្ថានភាពមិនប្រសើរឡើងនៅក្នុងខែមករា នោះទំនុកចិត្តអ្នកប្រើប្រាស់អាចនឹងធ្លាក់ចុះដល់កំរិតទាបក្នុងរយៈពេលពីរខែទៀត »។ ដោយសន្ទស្សន៍នេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតចំនួន ៣៩.២ កាលពីខែមេសាក្នុងកំឡុងពេលផ្ទុះមេរោគជាលើកដំបូង។

លោកបានបន្តថា ផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺនេះត្រូវបានគេរំពឹងថានឹងមានពី ២០០ ពាន់លានទៅ ៣០០ ពាន់លានបាតនៅក្នុងត្រីមាសទី១ ដោយឡែកក្រុមអ្នកវិភាគនិយាយថា ការរឹតត្បិតទប់ស្កាត់ការឆ្លងវីរុសថ្មី រួមទាំងការបិទកន្លែងកម្សាន្ត និងសាលារៀននៅទីក្រុងបាងកក និងខេត្តដទៃទៀតអាចរារាំងដល់ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសថៃបានរកឃើញអ្នកឆ្លងថ្មីចំនួន ៣០៥ នាក់ ដែលនាំឱ្យអ្នកឆ្លងវីរុស Covid-19 មានចំនួនសរុប ៩,៦៣៦ ករណី និងអ្នកស្លាប់ ៦៧នាក់ ចាប់តាំងការផ្ទុះឡើងនៃវីរុសលើកដំបូងកាលពីដើមឆ្នាំមុន៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


