ជប៉ុន នឹងខាតបង់ទឹកប្រាក់រាប់ម៉ឺនលានយេនក្នុងការអនុវត្តភាពអាសន្នក្នុងទីក្រុង និងខេត្តនាពេលខាងមុខនេះ
សេដ្ឋកិច្ច January 6, 2021 Chan Sreyny

ស្ថានភាពបន្ទាន់រយៈពេលមួយខែ ដែលគ្រោងទុកដោយរដ្ឋាភិបាលជប៉ុនដើម្បីទប់ទល់នឹងការឆ្លងថ្មីនៃជំងឺ Covid-19 ត្រូវបានគេរំពឹងថា នឹងខាតបង់ទឹកប្រាក់រាប់ម៉ឺនលានយេនពីការប្រើប្រាស់ឯកជន ដោយអ្នកសេដ្ឋកិច្ចខ្លះព្យាករណ៍ថាសេដ្ឋកិច្ចនឹងបន្តធ្លាក់ចុះ។ ផលប៉ះពាល់ខាងសេដ្ឋកិច្ចដែលរំពឹងទុកនៃការដាក់ភាពអាសន្ននៅទីក្រុងតូក្យូ និងខេត្តចំនួន ៣ ដែលនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga កំពុងពិចារណាប្រកាសនៅថ្ងៃព្រហស្បតិ៍ ទំនងជានឹងមានទំហំតូចជាងអ្វីដែលបានមើលឃើញ បន្ទាប់ពីការប្រកាសភាពអាសន្នដំបូងកាលពីខែមេសា ឆ្នាំមុននៅទីក្រុងតូក្យូ និងខេត្តចំនួន ៦ ។

ក្រុមសេដ្ឋវិទូបាននិយាយថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងទីក្រុងអាចមានឥទ្ធិពលច្រើន។ ទន្ទឹមនឹងនេះ លោក Shinichiro Kobayashi សេដ្ឋវិទូជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Mitsubishi UFJ មានប្រសាសន៍ថា « ស្ថានភាពកាន់តែអាក្រក់ទៅៗហើយ ប្រសិនបើតំបន់ និងរយៈពេលនៃការប្រកាសត្រូវបានពង្រីក ហើយភាគរយនៃការធ្លាក់ចុះផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសបច្ចុប្បន្នអាចនឹងកើនឡើង »។

លោក Kobayashi បានបន្ថែមថា « ក្នុងករណីនេះ ផលវិបាកនឹងលេចចេញជារូបរាងមិនត្រឹមតែជាទម្រង់នៃការប្រើប្រាស់ធ្លាក់ចុះនោះទេ ប៉ុន្តែការដួលរលំនៃសាជីវកម្ម និងភាពអត់ការងារធ្វើនឹងកើនឡើង នោះមានន័យថាសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន អាចធ្លាក់ចូលទៅក្នុងវដ្តនៃការធ្លាក់ចុះនៃកម្រិតការងារ និងកម្រិតប្រាក់ចំណូល »។

លោក Takahide Kiuchi អ្នកសេដ្ឋកិច្ចប្រតិបត្តិនៅវិទ្យាស្ថានស្រាវជ្រាវ Nomura បាននិយាយថា « ការប្រើប្រាស់ក្នុងស្រុកប្រហែល ៤.៨៩ ទ្រីលានយ៉េន (៤៧.៥ ពាន់លានដុល្លារ) ត្រូវបានប៉ាន់ប្រមាណថា នឹងរបាត់បង់ដោយសារស្ថានភាពនៃការប្រកាសអាសន្ននៅក្នុងទីក្រុងតូក្យូជំរុញឱ្យ GDP របស់ប្រទេសធ្លាក់ចុះ ០.៨៨% »។

គួរឱ្យដឹងផងដែរថា ទីក្រុងតូក្យូបានរាយការណ៍ថាមានអ្នកឆ្លងជំងឺ Covid-19 ថ្មីចំនួន ១,២០០ នាក់កាលពីថ្ងៃអង្គារ៍ ដោយមានចំនួនអ្នកជម្ងឺ Covid-19 ចំនួន ១១១ នាក់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយនេះជាតួលេខខ្ពស់បំផុតទី២ សម្រាប់ទីក្រុងតូក្យូបន្ទាប់ពីមានករណីឆ្លងចំនួន ១,៣៣៧ នាក់ត្រូវបានរាយការណ៍កាលពីថ្ងៃទី ៣១ ខែធ្នូ៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews