យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឲ្យដឹងថា ព្រះបរមរាជវាំង និងសារមន្ទីរក្នុងវាំង ដែលជាតំបន់ដ៏ល្បី និងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើននៅក្នុងប្រទេសថៃ ត្រូវបានបិទមិនអនុញ្ញាតឲ្យចូលទស្សនាជាសាធារណៈរហូតដល់ថ្ងៃទី៣១ ខែមករា។ ការបិទនេះ គឺបណ្ដាលមកពីការរាលដាលឆ្លងនៃវីរុស Covid-19 នៅក្នុងប្រទេសកាន់តែកើនឡើងជារៀងរាល់ថ្ងៃ និងបន្ទាប់ពីរដ្ឋបាលក្រុងបាងកក សម្រេចឲ្យបិទកន្លែង និងអាជីវកម្មចំនួន ២៥ ប្រភេទកាលពីពេលថ្មីៗនេះ។ បើតាមការប្រកាសការិយាល័យនៃព្រះបរមរាជវាំង បានឲ្យដឹងថា ទីតាំងដែលត្រូវបិទ រួមមាន៖ មហាវិមាន និងព្រះវិហារ ,វិមានបាងប៉ាអ៉ីន (Bang Pa-In) , វិមាន ប៊ុមប៊ីង (Bhubing) ,គំរោង Chang Hua Man ,សារមន្ទីរវាយនភ័ណ្ឌនៃព្រះមហាក្សត្រិយានី Sirikit ,សារៈមន្ទីរជាតិ និងសាលមហោស្រព Sala Chalermkrung។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥២៧ ករណី ប៉ុន្តែមានតែ ៦ ករណីប៉ុណ្ណោះ ដែលមិនមែនជាករណីក្នុងស្រុក ដែលនាំឱ្យចំនួនសរុបកើនដល់ ៨ ៩៦៦ ករណី ចាប់តាំងពីជំងឺ COVID-19 បានរាតត្បាតនៅប្រទេសថៃ តាំងតែពីខែមករា ឆ្នាំ២០២០។ ការកើនឡើងឥតឈប់នេះបានធ្វើឲ្យរដ្ឋាភិបាលថៃ សម្រេចបន្តដាក់ប្រទេសក្នុងគ្រាអាសន្នចាប់ពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand


