រាជរដ្ឋាភិបាល ជំរុញឱ្យក្រុមហ៊ុនទទួលការសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកំពត ពន្លឿនការអភិវឌ្ឍឱ្យបានរួចរាល់យ៉ាងយូរនៅត្រឹមរយៈពេល ៦ខែទៀត ខណៈបច្ចុប្បន្នទើបសម្រេចបាន ៤៥ភាគរយ យឺតយ៉ាវជាងផែនការគ្រោងទុក។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក៏ដូចជាម្ចាស់ជំនួយមិនសប្បាយចិត្តចំពោះការយឺតយ៉ាវនៃការសាងសង់កំពង់ផែទេសចរណ៍នេះទេ។ ដូច្នេះក្រុមហ៊ុនសាងសង់ ត្រូវតែបន្ថែមកំលាំង និងដាក់ផែនការឱ្យបានច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាពន្លឿនបញ្ចប់ការសាងសង់ឱ្យបានក្នុងខែមិថុនា ឆ្នាំ២០២១នេះ ក្រោយពន្យារពេលជាច្រើនសារមក។
ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកំពត កាលពីថ្ងៃទី៤ ខែមករា ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមហ៊ុនបន្ថែមមនុស្សធ្វើការទៀត និងដាក់ផែនការរាប់ថយក្រោយ ដើម្បីចប់តាមផែនការសាងសង់នៅត្រឹមខែមិថុនា។
កំពង់ផែទេសចរណ៍កំពត ស្ថិតនៅចំណុចភូមិជុំគ្រាល ឃុំជុំគ្រាល ស្រុកទឹកឈូ ខេត្តកំពត បានបើកការដ្ឋានសាងសង់នៅលើផ្ទៃដីទំហំ ៤ហិកតា ក្នុងជម្រៅទឹក ៤,៥ម៉ែត្រ រួមមាន អគារអ្នកដំណើរមានកម្ពស់២ជាន់ ផែចតកាណូត កំពង់សាឡង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ ផ្លូវចំណតរថយន្តនិងទោចក្រយានយន្ត អគារស្នាក់នៅ អគារសន្តិសុខ សួនច្បារ និងសំណង់ផ្សេងៗមួយចំនួនទៀត ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណជាង ៨លាន ៤៨ម៉ឺនដុល្លារអាមេរិក។
បើតាមតំណាងក្រុមហ៊ុនសាងសង់ បានឱ្យដឹងថា មកទល់បច្ចុប្បន្នការសាងសង់សម្រេចបាន ៤៥ភាគរយហើយ ដោយនៅខែមេសាខាងមុខនេះ គ្រោងនឹងបញ្ចប់គ្រោងអគារទាំងមូល។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកផែទេសចរណ៍ថ្មីនេះ នឹងជួយរួមចំណែកទាក់ទាញភ្ញៀវទេសចរ ពីបណ្តាប្រទេសក្នុងតំបន់ ពិសេសប្រទេសវៀតណាម និងប្រទេសថៃ តាមរយៈការភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក តាមកប៉ាល់ លឿន ឬកប៉ាល់ទេសចរណ៍ខ្នាតធំ៕
ប្រភព៖ ក្រសួងព័ត៌មាន


