តំបន់អេកូទេសចរណ៍មួយកន្លែងក្នុងខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល
ទេសចរណ៍ January 5, 2021 Chan Sreyny

សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ខេត្តបាត់ដំបង ទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល និងជារៀងរាល់ថ្ងៃដោយសារទីនោះមានទេសភាពស្រស់បំព្រងមិនថារដូវប្រាំងឬរដូវវស្សាឡើយ។ លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ទឹកធ្លាក់អូរជាំ កំពុងឆក់យកបេះដូងភ្ញៀវទេសចរយ៉ាងខ្លាំងជាពិសេសអ្នកទេសចរដែលនិយមធ្វើដំណើរផ្សងព្រេងដោយសារទីនោះមានផ្ទាំងថ្មដែលជាថ្មភ្នំធម្មជាតិដ៏ស្រស់ស្អាត មានទឹកធ្លាក់ត្រជាក់ស្រឹបរួមជាមួយព្រៃព្រឹក្សាខៀវស្រងាត់ ហើយមានភ្នំល្វឹងល្វើយអមដោយផ្កាព្រៃចម្រុះពណ៌ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរបោះតង់ សម្រាកលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ធម្មជាតិព្រៃភ្នំ និងងូតទឹកធ្លាក់ដ៏ត្រជាក់កាយរំសាយអារម្មណ៍បាត់អស់ទុក្ខកង្វល់។

លោកបន្តថា ទឹកធ្លាក់ធម្មជាតិនេះមានកម្ពស់ ៣០ម៉ែត្រ ហ៊ុមព័ទ្ធទៅដោយផ្ទាំងថ្មធំៗ និងមានប្រភពទឹកធ្លាក់ពីលើភ្នំដែលធ្លាក់ចុះមកក្រោមមិនចេះរីងស្ងួតទោះបីស្ថិតនៅរដូវប្រាំងក៏ដោយ។ លោកបញ្ជាក់ថា ភ្ញៀវទេសចរអាចដើរទស្សនាកម្សាន្តតាមភ្នំព្រមទាំងងូតទឹកជ្រោះកម្សាន្តសប្បាយតាមដំណាក់នីមួយៗ ពិសេសពិសាអាហារប្លែកៗក្នុងតំបន់ដែលចម្អិនដោយប្រើប្រាស់វត្ថុធាតុដើមក្នុងសហគមន៍ផ្ទាល់ និងអាចសិក្សាស្រាវជ្រាវស្វែងយល់ពីសហគមន៍ ហើយទទួលនូវបទពិសោធប្លែកៗជាមួយនឹងធម្មជាតិទៀតផង។

លោកបន្ថែមថា « កាលណាយើងធ្វើដំណើរតាមជ្រលងភ្នំ យើងឃើញទិដ្ឋភាពប្រជាកសិករយើងធ្វើដំណាំកសិកម្មហើយយ៉ាងណាមិញនៅពេលដែលយើងចូលទៅតំបន់នោះពោរពេញទៅដោយទឹកធ្លាក់ដែលត្រជាក់មានផ្ទៃដីទូលំទូលាយប្រមាណជាង ២គីឡូម៉ែត្រ​ ហើយមានថ្មភ្នំធម្មជាតិស្អាតៗដោយមានដើមផ្កាដើមឈើប្រណិតធំៗដែលជាទីទាក់ទាញភ្ញៀវទេសចរ ហើយជាពិសេសទៀតនៅលើខ្នងភ្នំនោះយើងអាចសំឡឹងមកឃើញតំបន់ផ្សេងៗទៀត ពិសេសនោះគឺយើងអាចឃើញរហូតទៅដល់សមុទ្រថៃឯណោះ »។

សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានចម្ងាយប្រមាណជាង ៨០គីឡូម៉ែត្រ ពីក្រុងបាត់ដំបង៕

ប្រភព៖ ក្រសួងព័ត៌មាន