លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូនចា បាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលកំពុងស្វែងរកវិធានការណ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់សេដ្ឋកិច្ចនៃការផ្ទុះឡើងជាថ្មីនៃវីរុស Covid-19 ដោយចាត់ចែងកញ្ចប់ជំនួយកាន់តែច្រើន។ លោកនាយករដ្ឋមន្រ្តីបាននិយាយបែបនេះ បន្ទាប់ពីអត្រាឆ្លងមេរោគប្រចាំថ្ងៃកើនឡើងដល់ ៧៤៥ករណី ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើងនៃវីរុសកាលពីដើមឆ្នាំមុន។ លោកនាយករដ្ឋមន្រ្តីបាននិយាយថា ការផ្ទុះឡើងថ្មីបានអំពាវនាវឱ្យមានវិធានការណ៍ថ្មីដែលរដ្ឋាភិបាលនឹងត្រូវរកថវិកាបន្ថែម ដោយលោកបានបញ្ចាក់ថា ប្រសិនបើរដ្ឋាភិបាលមិនអាចរកថវិកាបានទេនោះ អ្វីៗនឹងត្រូវបញ្ចប់។
យ៉ាងណាមិញគណៈកម្មាធិការសភាដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យប្រាក់កម្ចីសង្គ្រោះក្នុងអំឡុងពេលមានវីរុស Covid-19 ចំនួន ១ ទ្រីលានបាត នឹងត្រូវកោះប្រជុំនៅថ្ងៃអង្គារសម្រាប់កិច្ចប្រជុំជាមួយក្រសួងហិរញ្ញវត្ថុធនាគារថៃ និងមន្រ្តីក្រុមប្រឹក្សារដ្ឋ។ អ្នកនាំពាក្យគណៈកម្មាធិការលោក Akadet Wongpitakroj បាននិយាយថា ខ្លួនចង់ធ្វើវិសោធនកម្មក្រឹត្យសង្គ្រោះបន្ទាន់របស់ Covid-19 ដើម្បីបន្ធូរបន្ថយលក្ខខណ្ឌដែលភ្ជាប់ទៅនឹងប្រាក់កម្ចីទន់ចំនួន ៥០០ លានបាតដើម្បីទ្រទ្រង់អាជីវកម្មខ្នាតតូច។

ជាមួយគ្នានេះការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO) បាននិយាយថា រដ្ឋាភិបាលមានប្រាក់ចំនួន ៤០០ ពាន់លានបាត ដែលនៅសល់ពីមូលនិធិប្រាក់កម្ចីដល់ជំនួយសង្រ្គោះចំនួន ១ ទ្រីលានបាត។ ទន្ទឹមនឹងនេះ PDMO ក៏បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះរដ្ឋាភិបាលបានខ្ចីប្រាក់ប្រហែល ៦០០ ពាន់លានបាត។ គួរបញ្ជាក់ផងដែរថា គណៈរដ្ឋមន្រ្តីបានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ៥១០ ពាន់លានបាតសម្រាប់ជំនួយសង្គ្រោះ Covid-19 កាលពីឆ្នាំមុន ដោយអគ្គនាយករដ្ឋបាល PDMO លោក Patricia Mongkhonvanit បាននិយាយថា PDMO បានទទួលថវិកាចំនួន ៣៧០ ពាន់លានបាត និងប្រើប្រាស់ភាគច្រើន (៣៤៨ ពាន់លានបាត) ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជន៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


