ប្រទេសថៃនឹងចាប់ផ្ដើមទទួលបានវ៉ាក់សាំង Covid-19 លើកដំបូងរបស់ខ្លួនពីក្រុមហ៊ុនវ៉ាក់សាំងរបស់ចិន Sinovac Biotech Ltd នៅខែក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ ការទទួលបានវ៉ាក់សាំងជាលើកដំបូងនេះ នឹងអនុញ្ញាតឲ្យប្រទេសថៃដែលបានផ្ទុះឡើងវីរុស Covid-19 ដើម្បីចាប់ផ្ដើមចាក់ដល់អ្នកដែលមានហានិភ័យខ្ពស់បំផុតក្នុងការឆ្លង។ ជាមួយគ្នានេះដែរយោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ការចាក់វ៉ាក់សាំងចិនចែកចេញបីដំណាក់កាល ដោយការចាក់លើកដំបូងចំនួន ២០០,០០០ដូស ក្នុងខែកុម្ភះ ៨០០,០០០ដូស ក្នុងខែមីនា និង ១លានដូសផ្សេងទៀតក្នុងខែមេសា ខណៈប្រទេសថៃក៏បានចាប់ផ្តើមផលិតវ៉ាក់សាំងក្នុងស្រុកដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca Plc ក្រោមកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាដែលត្រូវបានគេរំពឹងថានឹងត្រៀមសម្រាប់ចែកចាយនៅខែឧសភានេះដែរ។
បើតាមប្រភពពីក្រសួងសុខាភិបាលដដែល រដ្ឋាភិបាលរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចានអូចា បានកំណត់គោលដៅនៃការដាក់ប្រជាជនចំនួន ៥០% ឬ ប្រមាណជា ៣៣ លាននាក់នៅចុងឆ្នាំ ២០២១ ជាមួយនឹងវ៉ាក់សាំងពីប្រភពផ្សេងៗរួមទាំងកម្មវិធី Covax ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក។ ក្រសួងក៏កំពុងចរចាជាមួយក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំងផ្សេងទៀតសម្រាប់ការផ្គត់ផ្គង់បន្ថែមទៀតដែរ។

គួរឲ្យដឹងថា បច្ចុប្បន្ននេះអាជ្ញាធរនិងបុគ្គលិកសុខាភិបាលកំពុងប្រណាំងប្រជែងដើម្បីទប់ស្កាត់ការរីករាលដាលនៃរលកឆ្លងថ្មីក្នុងតំបន់ ដែលចាប់ផ្តើមពីទីផ្សារអាហារសមុទ្រនៅសាមុតសាខុន ជាខេត្ដដែលមានព្រំប្រទល់ជាប់ភាគនិរតីទីក្រុងបាងកក។ ទន្ទឹមនឹងនេះដែរលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានដាក់ចេញនូវការរឹតបន្តឹងថ្មីលើអាជីវកម្ម និងការប្រមូលផ្ដុំនៅទីក្រុងបាងកក និងខេត្តចំនួន ២៧ ដែលរងផលប៉ះពាល់ខ្លាំងបំផុតចាប់តាំងពីថ្ងៃច័ន្ទ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


