យោងតាមមន្ត្រីសុខាភិបាលវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបានដាក់បញ្ជាទិញវ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ៣០ លានដូសពីក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Truong Quoc Cuong បាននិយាយថា « យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាវ៉ាក់សាំងសម្រាប់មនុស្ស ១៥ លាននាក់ដែលស្មើនឹងចំនួន ៣០ លានដូស »។ លោក Cuong បានបន្ថែមថា « អាជ្ញាធរមូលដ្ឋានក៏ កំពុងចរចាជាមួយអ្នកផ្គត់ផ្គង់វ៉ាក់សាំងផ្សេងទៀតរួមទាំងប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិកផងដែរ »។
មន្រ្តីសុខាភិបាលបាននិយាយថា « ប្រទេសវៀតណាមក៏រំពឹងផងដែរថា នឹងទិញវ៉ាក់សាំងការពារជំងឺ covid-19 ពី COVAX Facility ដែលជាគំនិតផ្តួចផ្តើមអន្តរជាតិដឹកនាំដោយអង្គការសុខភាពពិភពលោក និងដៃគូដើម្បីធានាបាននូវការចាក់វ៉ាក់សាំងជាសកលប្រកបដោយសមធម៌ »។

គួរឱ្យដឹងផងដែរថា កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំមុនវៀតណាមបានចាប់ផ្តើមសាកល្បងវ៉ាក់សាំង THID-19 ដំបូងរបស់ខ្លួនលើអ្នកស្ម័គ្រចិត្តដោយរំពឹងថា នឹងប្រើប្រាស់ជាសាធារណជននៅខែឧសភា ឆ្នាំ ២០២១ ។ គិតមកត្រឹមព្រឹកថ្ងៃចន្ទនេះ វៀតណាមបានរាយការណ៍ថាមានករណីឆ្លងជំងឺ Covid-19 ចំនួន ១,៤៩៤ ករណីដោយមានមនុស្ស ៣៥ នាក់បានស្លាប់ដោយសារជំងឺនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


