កម្ពុជា-ចិន ត្រៀមសហការគ្នាផលិតវ៉ាក់សំាងការពារជំងឺអុតក្តាម និងសារទឹកនៅកម្ពុជាដើម្បីធានា ឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់បង្ការជំងឺអុតក្តាម និងសារទឹកលើសត្វពាហនៈជូនប្រជាពលរដ្ឋនៅឆ្នាំ ២០២១ ដើម្បីជួយបង្ការនិងទប់ស្កាត់កុំឱ្យឆ្លងរីករាលដាលជំងឺនេះដែលនាំឱ្យគោក្របីរបស់ប្រជាកសិករឈឺងាប់ខាតបង់ប្រាក់កាស។ លោក នូ វនិកា ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាលនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានសហការជាមួយភាគីចិនបាននិងកំពុងធ្វើការសម្របសម្រួលផ្នែកលិខិតបទដ្ឋានគតិយុត្តនានា ធ្វើយ៉ាងណាបង្កើតភាពងាយស្រួលជូនដល់ក្រុមហ៊ុនវិនិយោគចិនដែលមានបំណងធ្វើការវិនិយោគដើម្បីសិក្សាស្រាវជ្រាវផលិតនៅកម្ពុជា។
លោកបានបន្ថែមថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះបានចូលរួមចំណែកក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយ:ការអភិវឌ្ឍលើគ្រប់វិស័យរួមទាំងវិស័យកសិកម្មផងដែរ ដោយមានវ៉ាក់សំាងគ្រប់គ្រាន់សម្រាប់បម្រើនៅក្នុងប្រទេស។

លោកបន្ថែមថា « រាជរដ្ឋាភិបាលយកចិត្តទុកដាក់ ធ្វើម៉េចផលិតវ៉ាក់សាំងសត្វឱ្យប្រជាជននៅតាមគ្រប់តំបន់ពេលមានវ៉ាក់សាំងសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងកុំឱ្យមានជំងឺឆ្លងដល់សត្វ ជាពិសេសគោ ក្របី ជ្រូកជាកត្តាសំខាន់បំផុតក្នុងការទប់ស្កាត់ការរីករាលដាលជំងឺសត្វនេះ។ យុទ្ធសាស្ត្រសំខាន់បំផុត គឺការចាក់វ៉ាក់សាំងឱ្យបាន ៨០% ទៅ ៩០% ទៅលើសត្វទាំងអស់ប្រហែលជាឆ្នាំក្រោយ យើងនឹងរៀបចំគម្រោងហើយយើងក៏បានចុះកិច្ចព្រមព្រៀងជាមួយស្ថាប័នចិនដែរក្នុងការផលិតវ៉ាក់សាំងនេះ ក្នុងដំណាក់កាលដំបូងគេផ្តល់ឱ្យយើងសិន ក្រោយមកគេចុះមកគេនឹងជួយបង្រៀនក្នុងការផលិត »។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំការចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងសារទឹកដល់គោក្របីជូនប្រជាកសិករបានជាង ៧០ម៉ឺនក្បាល ស្មើនឹង ៣០% នៃចំនួនគោក្របីទាំងអស់នៅទូទាំងប្រទេស។ ជាមួយគ្នានេះ ភាគីមិត្តចិនក៏បានផ្តល់វ៉ាក់សាំងការពារជំងឺអុតក្តាមគោ ក្របីបានចំនួន ២០ ម៉ឺនដូសដល់កម្ពុជាផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន


