រដ្ឋាភិបាលវៀតណាម មិនបន្តការបញ្ចុះតម្លៃលើថ្លៃចុះបញ្ជីរថយន្តដែលផលិតក្នុងស្រុកទៀតទេ​ ខណៈគ្រោងការណ៍នេះធ្វើឱ្យថវិកាជាតិខាតបង់ចំណូលជាង ១៦០ លានដុល្លារ
សេដ្ឋកិច្ច December 31, 2020 Khmernote

រដ្ឋាភិបាលវៀតណាមនឹងបញ្ឈប់ការបញ្ចុះតម្លៃលើថ្លៃចុះបញ្ជីរថយន្ត ដោយជឿជាក់ថាអ្នកផលិតរថយន្តក្នុងស្រុកបានទទួលការគាំទ្រគ្រប់គ្រាន់ពីគម្រោងបញ្ចុះតម្លៃដែលរដ្ឋាភិបាលបានដាក់ចេញ។ មេដឹកនាំនៃនាយកដ្ឋានគោលនយោបាយពន្ធរបស់ក្រសួងហិរញ្ញវត្ថុបានប្រាប់សារព័ត៌មាន VnExpress ថា គ្រោងការណ៍បញ្ចុះតម្លៃ ៥០% លើថ្លៃចុះឈ្មោះរថយន្តដែលផលិតក្នុងស្រុក ដែលបានចូលជាធរមាននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំនេះ នឹងមិនត្រូវបានបន្តនោះទេ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ នេះតាមការគ្រោងទុក។

យោងតាមក្រសួងការបញ្ចុះតម្លៃ ៥០% លើថ្លៃចុះបញ្ជីរថយន្ត គ្រាន់តែជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះ ដើម្បីដោះស្រាយការលំបាកសម្រាប់ការផលិតរថយន្តក្នុងស្រុក និងសហគ្រាសដែលប្រឈមមុខនឹងផលប៉ះពាល់នៃការរីករាលដាលរបស់វីរុស Covid-19។ ក្រសួងបានបន្តថាឲ្យដឹងថា គោលនយោបាយនេះបានធ្វើឱ្យថវិកាជាតិខាតបង់ចំណូលប្រមាណជា ៣.៧ ទ្រីលានដុង (១៦០.៥៦ លានដុល្លារ) ខណៈដែលស្ថានទូតនៃប្រទេសផលិតរថយន្តដូចជាឥណ្ឌូនេស៊ីនិងថៃក៏ដូចជាសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាមបានចូលទៅក្រសួងហិរញ្ញវត្ថុដើម្បីតវ៉ាអំពីការរើសអើង រវាងរថយន្តដែលនាំចូលនិងផលិតក្នុងស្រុក៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress