ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្លែងប្រាប់អ្នកសាព័ត៌មាននៅបរិវេណប្រាសាទអង្គរវត្ត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ថា ដើម្បីលើកកម្ពស់សោភណភាពប្រាសាទអង្គរវត្ត ឱ្យកាន់តែមានភាពស្រស់ស្អាតតាមរយៈធ្វើឱ្យបរិវេណអង្គរមានភាពបៃតងនោះ នៅក្នុងឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាបានខិតខំធ្វើការរៀបចំប្រព័ន្ធទឹកស្រោចស្រពស្មៅ នៅក្នុងបរិវេណប្រាសាទអង្គរវត្តយ៉ាងមមាញឹក ដូចជា ការជីកដីបង្កប់ទុយោក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំប្រមាណជា ១១ហិកតា។
ក្នុងការជីកដីបង្កប់ទុយោ ពីមួយជួរទៅមួយជួរ គឺមានគម្លាត ២០ម៉ែត្រពីគ្នា ហើយមានជម្រៅពី៣តឹកកន្លះឡើងទៅតាមសណ្ឋានដី។ ចំពោះការជីកដីបង្កប់ទុយោនេះ មិនប៉ះពាល់ដល់បុរាណដ្ឋានឡើយ ព្រោះមានការពិនិត្យនិងសិក្សាច្បាស់លាស់ ពីអ្នកជំនាញបុរាណវិទ្យាមុនអនុវត្តន៍ការងារ។ ចំពោះការស្រោចស្រពស្មៅវិញ ក្រុមការងារនឹងស្រោចតែរយៈពេល១ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយផ្តោតសំខាន់តែនៅរដូវប្រាំង។

ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ទឹកដែលបូមមកស្រោចស្មៅនៅបរិវេណប្រាសាទអង្គរ គឺយកពីកសិន្ធុខាងជើង និងខាងត្បូងអង្គរនេះតែម្តង ហើយសួរថាតើពេលយកទឹកពីកសិន្ធុទាំងពីរនេះ អាចនឹងមានផលប៉ះពាល់ដល់រឿងខ្វះទឹកសម្រាប់ទ្រទ្រង់ដល់គ្រឹះប្រាសាទនៅរដូវប្រាំងដែរឬទេ? ឯកឧត្តមបានពន្យល់ថា មុននឹងអនុវត្តន៍គម្រោងនេះមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា បានធ្វើការសិក្សាច្បាស់លាស់ហើយ ដោយរួមទាំងបានឆ្លងការពិនិត្យពីអង្គការយូណេស្កូផងដែរ។ ដូចនេះទឹកកសិន្ធុទាំងពីរនេះអាចទ្រទ្រង់បាន ដោយយើងមានទឹកស្តុបនៅបារាយណ៍ខាងលើសម្រាប់បញ្ជូនមកកសិន្ធុអង្គរនេះ ហើយតាមបទពិសោធ ន៍នៅឆ្នាំកន្លងទៅដែលជាឆ្នាំរាំងស្ងួតខ្លាំងគឺទឹកនៅកសិន្ធុអង្គរនេះទ្រទ្រង់បាន។

ឯកឧត្តមបានបន្តថា ការរៀបចំប្រព័ន្ធទឹកស្រោចស្មៅនេះ បានបញ្ចប់រួចរាល់ហើយ និងដំណើរការបានយ៉ាងរលូន ។ ដូចនេះចាប់ពីពេលនេះទៅ ស្មៅនៅក្នុងបរិវេណប្រាសាទអង្គរវត្តនឹងមានភាពបៃតងស្រស់ទាំងរដូវប្រាំង និងរដូវវស្សា ដែលអាចទាក់ទាញទេសចរឱ្យមកទស្សនាបូជនីយដ្ឋានដ៏ពិសិដ្ឋនេះបានកាន់តែច្រើន នៅពេលដែលស្ថានភាពកូវីដ-១៩ត្រូវបានបញ្ចប់ ៕

ប្រភព៖ ក្រសួងព័ត៌មាន


