ផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺរាតត្បាត Covid-19 បានធ្វើឱ្យអាជីវកម្មចំនួន ១០១,៧០០ នៅក្នុងប្រទេសវៀតណាមបានបិទទ្វារនៅឆ្នាំ ២០២០ ពោលគឺកើនឡើង ១៣.៩% បើធៀបនឹងឆ្នាំមុន។ ក្នុងចំណោមអាជីវកម្មចំនួន ៤៦,៦០០ បានចុះឈ្មោះដើម្បីបញ្ឈប់ប្រតិបត្តិការជាបណ្តោះអាសន្ន ខណៈដែលអាជីវកម្មចំនួន ៣៧,៧០០ កំពុងរង់ចាំការបញ្ចប់អាជីវកម្ម នេះបើយោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិទូទៅវៀតណាម (GSO) ។
ការផ្អាកអាជីវកម្ម បានកើនឡើងដោយសារផលប៉ះពាល់នៃជំងឺ Covid-19 ដែលបានបំផ្លាញវិស័យសំខាន់ៗ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពសេដ្ឋកិច្ចសង្គមទូទាំងពិភពលោក។ ចំនួនសហគ្រាសដែលទើបបង្កើតថ្មីនៅប្រទេសវៀតណាមក្នុងឆ្នាំនេះ បានធ្លាក់ចុះ ២.៣% បើធៀបឆ្នាំមុនមកនៅត្រឹម ១៣៤,៩០០ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២,២០០ ទ្រីលានដុង (៩៤.៣១ ពាន់លានដុល្លារ) កើនឡើង ២៩% ។

របាយការណ៍របស់ GSO និយាយថា ការស្ទង់មតិលើអារម្មណ៍អាជីវកម្មនៅក្នុងវិស័យផលិតកម្ម និងកែច្នៃនៅត្រីមាសទី៤ ឆ្នាំ ២០២០ បានរកឃើញថាសហគ្រាសចំនួន ៤០.៦% កំពុងទទួលបានលទ្ធផលល្អប្រសើរជាងត្រីមាសមុនខណៈ ២៤.៧% ជួបការលំបាក និង ៣៤.៧% និយាយថាអាជីវកម្មរបស់ពួកគេនៅតែមានស្ថេរភាព។ ស្ទើរតែ ៤៣% នៃក្រុមហ៊ុនរំពឹងថាអ្វីៗនឹងប្រសើរឡើងនៅត្រីមាសទី១ ឆ្នាំ ២០២១ ខណៈ ១៩% រំពឹងថានឹងមានការលំបាកបន្ថែមទៀតហើយ ៣៨.២% ជឿជាក់ថាស្ថានភាពនឹងមានស្ថេរភាព។

គួរឱ្យដឹផងដែរថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមបានធ្លាក់ចុះដល់ ២.៩១% នៅឆ្នាំនេះដែលជាកម្រិតទាបបំផុតក្នុងរយៈពេលមួយទសវត្ស ដោយសារផលប៉ះពាល់នៃជំងឺ Covid-19 គ្រោះមហន្តរាយធម្មជាតិ និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ៕
អត្ថបទ៖ នីតា
ប្រភព៖ vnexpress


